សហជីពធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬ? សហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬ?
ការលើកឡើងនូវពាក្យសហជីពឯករាជ្យ សហជីពក្លែងក្លាយ ជាការញ៉ុះញង់បំបែកបំបាក់ បង្កើតការរើសអើងសហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា ដែលមានជាង ៦៣០០ ដែលកំពុងដំណើរការងាររបស់ខ្លួនដោយសេរី គ្មានការរិតត្បិត ឬបំផិតបំភ័យដូចការលើកឡើងដោយសារព័ត៌មាន សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួននោះទេ។
គ្រប់សហជីព និងអង្គការវិជ្ជាជីវៈត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងលក្ខន្តិកៈរបស់ពួកគេ បានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយ។
សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ខ្លះមានភ្ជាប់ឈ្មោះឯករាជ្យ តែធ្វើសកម្មភាពមិនឯករាជ្យ មិនបម្រើផលប្រយោជន៍កម្មករនិយោជិត ពេលខ្លះងើបតវ៉ាក្នុងទ្រង់ទ្រាយបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលចល អនាធិបតេយ្យ តើនេះទើបហៅថា លំហសេរីភាពសហជីពក្នុងសង្គមប្រជាធិបតេយ្យឬ? តើការអនុវត្តច្បាប់ប្រឆាំងបុគ្គល ឬក្រុមល្មើសច្បាប់ជាការគៀបសង្កត់ បំបិទសិទ្ធិសេរីភាពសហជីពឬ? សហជីព ដែលប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬ? សហជីពដែលបានគោរពច្បាប់ នីតិវិធីច្បាប់ និងធ្វើការតវ៉ាស្របច្បាប់ ទាមទារយុត្តិធ៌ម ភាពត្រឹមត្រូវ កិត្តិយស សេចក្តីថ្លៃថ្នូររបស់សហជីព កម្មករនិយោជិត និងផលប្រយោជន៏សហជីព និងកម្មករនិយោជិត ជាសហជីពក្លែងក្លាយឬ?
ការអនុវត្តច្បាប់ប្រឆាំងជនល្មើស និតិបុគ្គលល្មើសច្បាប់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាការធានាយុត្តិធ៌មសង្គម សមភាព និងនីតិរដ្ឋ។ ការអនុវត្តច្បាប់គ្មានគោលការស្តង់ដារពីរនោះឡើយ។ ជនណាក៏ដោយដែលប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលទោសតាមច្បាប់។ សកម្មជនសហជីព ឬអង្គការសង្គមស៊ីវិល ដែលប្រព្រឹត្តល្មើសច្បាប់ជាបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការអនុវត្តច្បាប់នេះ មិនមែនជាការរិត្បិតសេរីភាពសហជីព ឬអង្គការសង្គមស៊ីវិលនោះទេ។ ការការពារជនល្មើសមិនឱ្យមានការអនុវត្តច្បាប់ ជាការលើកទឹកចិត្តឱ្យមនុស្សប្រព្រឹត្តបទល្មើសក្នុងសង្គម។
ខាងលើនេះជាការលើកឡើងរបស់ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤៕