លោក ខេមរៈ ភារុណ ដែលជាអ្នកនិពន្ធឆ្នើមមួយរូបនៅប្រទេសកម្ពុជា បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមសរសេរនិងប្រើប្រាស់អក្សរសាស្រ្តជាតិឲ្យបានច្រើនក្នុងន័យលើកតម្កើននៃតម្លៃអក្សរជាតិ។ លើបណ្តាញសង្គមលោកបានបំផុសបំផលឲ្យប្រជាពលរដ្ឋនាំគ្នាមកប្រើប្រាស់ពាក្យសម្រាប់ចូលរួមរំលែកទុក្ខ RIP ឬ Rest in peace ដូរមកពាក្យកាត់ ស.ក.ស.ភ ដែលមានន័យថា សុខក្នុងគតិភព។
លោក ខេមរៈ ភារុណ ទើបលាចាកសិក្ខាបទ ឬសិក្ខពីព្រះសង្ឃមកជាគ្រហស្ថវិញនាពេលថ្មីៗកន្លងទៅ បានប្រាប់គេហទំព័រ Karpit News នាព្រឹកថ្ងៃអាទិត្យនេះថា សូមបងប្អូនខ្មែរយើងបង្វែរចំណាប់អារម្មណ៍ ឬទំលាប់ ឬការសរសេរអក្សរកាត់ជាភាសាបរទេស RIP ក្នុងអត្ថន័យ សុំសម្រាកក្នុងសុខគតិភព ឬសុខក្នុងស្ថានសុខគតិភព ឲ្យទៅអក្សរកាត់ខ្មែរយើងវិញ ស.ក.ស.ភ ន័យពេញ សុខក្នុងគតិភព។
ការចេញមកស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់អក្សរចូលរួមរំលែកទុក្ខពីភាសាបរទេស RIP មក ស.ក.ស.ភ របស់លោក ភារុណ គឺក្រោយដែលមានឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរងរបួស។
លោកថ្លែងថា «ក្នុងឪកាសដែលមានឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ខ្ញុំស្នើសុំឲ្យប្រើប្រាស់អក្សរភាសាបរទេសមកជាភាសាខ្មែរ ឬអាចដូរទម្លាប់វិញមកសរសេរពាក្យខ្មែរយើងវិញ គឺមានន័យគ្រប់គ្រាន់សម្រាប់ការចូលរួមរំលែកទុក្ខសូមសុខក្នុងគតិភព»៕