អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើក​ឡើងថា សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា។

តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តម ប៉ែន បូណា បានរៀបរាប់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់​វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។

ក្រឡេកមកមើលកម្ពុជា សន្តិភាពដែលរកបានដោយលំបាកកំពុងចាក់ឫសកាន់តែជ្រៅនៅទូទាំងប្រទេសក្រោមការការពារនិងពូនជ្រុំយ៉ាងយកចិត្តទុកដាក់និងម៉ឺងម៉ាត់បំផុតពីថ្នាក់ដឹកនាំតាំងពីសម័យសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។

សុខដុមរមនាខាងសាសនាក៏កើតមានពេញផ្ទៃប្រទេសដែលធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរនិងចាត់ទុកជាប្រទេសដ៏ក្សេមក្សាន្តនិងជាគំរូនៃការរស់នៅជាមួយគ្នាដោយឥតមោះហ្មងរវាងសហគមន៍សាសនា បើទោះបីជាព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ហើយកម្ពុជាបើកទូលាយខាងជំនឿសាសនាផ្សេងទៀតក៏ដោយ។ សុខដុមនីយកម្មខាងសាសនាមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាកើតចេញពីភាពឈ្លាសវៃរបស់មេដឹកនាំក្នុងការបង្រួបបង្រួមសាសនិកគ្រប់សាសនាទាំងអស់ឱ្យរួមរស់ជាមួយគ្នាដោយសុខសាន្ត។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ទៀតថា នៅលើទិដ្ឋភាពនយោបាយវិញ មនោគមន៍វិជ្ជាជ្រុលនិយមបាន និងកំពុង​សាបរលាបនិងឈានទៅរកការបាត់បង់ក្រោមឥទ្ធិពលនៃការបង្រួបបង្រួមជាតិ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពសង្គម។ ប្រជាពលរដ្ឋខ្មែរដែលកំពុងទទួលផលពីសន្តិភាព និងភាពស្ងប់សុខខាងសាសនានៅលើទឹកដីរបស់ខ្លួនគាំទ្រយ៉ាងពេញទំហឹងនូវទិសដៅលុបបំបាត់នយោបាយជ្រុលនិយមនៅកម្ពុជាដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

សរុបទៅ ប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរពិតជាមានភ័ព្វសំណាងណាស់ដែលអាចរស់នៅក្នុងសន្តិភាព និងភាពឥតសៅហ្មងខាងសាសនាពីព្រោះវត្ថុដ៏ពិសិដ្ឋទាំងពីរយ៉ាងនេះអាចបញ្ចៀសបាននូវសង្គ្រាម ជម្លោះប្រដាប់អាវុធ និងអំពើហិង្សា ហើយរក្សាបាននូវស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ដូច្នេះ សន្តិភាពនិងសុខដុមរមនាខាងសាសនា គឺជាទ្រព្យព្រេងទ្រព្យសំណាងរបស់កម្ពុជាដែលខ្មែរទាំងអស់គ្នាត្រូវថែរក្សាការពារកុំឱ្យបាត់បង់ជាដាច់ខាត៕