១. ថ្ងៃចន្ទ ទី៤ កញ្ញា សប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិតហ៊ុន ម៉ាណែត នឹងអញ្ជើញទៅ ឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ាន បូកនិងជំនួបកំពូលអាស៊ីបូព៌ា។ សម្រាប់កម្ពុជា ដែលជាសមាជិករបស់អាស៊ានតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះជាបន្តុំព្រឹត្តិការណ៍តំបន់សំខាន់ជាងគេបង្អស់ប្រចាំឆ្នាំ។
២. សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញទាំងនេះ គឺជាឱកាសមួយពោរពេញទៅដោយនិមិត្តរូបនយោបាយ។ ម្យ៉ាងពីព្រោះជាលើកទីមួយបង្អស់ហើយ ដែលឯកឧត្តមបណ្ឌិត, ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជាតាំងពីថ្ងៃទី២២ សីហា មកម្ល៉េះ, នឹងបង្ហាញមុខជាផ្លូវការលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ពីព្រោះនៅថ្ងៃទី៥ កញ្ញា ខាងមុខនេះ នៅទីក្រុងចាកាតា ឯកឧត្តមបណ្ឌិតនឹងមានឈ្មោះជាមេដឹកនាំកំពូលក្មេងជាងគេបង្អស់ក្នុងចំណោមមេដឹកនាំកំពូលបច្ចុប្បន្នទាំង១០ រូប របស់ អាស៊ាន។ ម្យ៉ាងចុងក្រោយពីព្រោះពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ កញ្ញាក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងចាកាតាដដែល, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ, នឹងជួបជាផ្លូវការ ឬក្រៅផ្លូវការ, ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន១៧ នាក់ យ៉ាងតិចដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ ខាង ត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និងនូវែលសេឡង់។
៣. ប្រជាជាតិកម្ពុជាទាំងមូលគួរតែនិងត្រូវតែមានមោទនភាព ពីព្រោះឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារឧត្តមប្រយោជន៍ជាតិយើងនៅចំពោះមុខសមាជិកអាស៊ាន៩ ដទៃផ្សេងទៀតនិងដើម្បីការពារផលប្រយោជន៍រួមរបស់អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនារបស់ អាស៊ាន។ បញ្ហាតំបន់និងបញ្ហា អន្តរជាតិ ដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយមានច្រើនណាស់ ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃ នៅមីយ៉ាន់ម៉ា, ការប្រជែង ឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និងរវាងមហាអំណាចតំបន់នៅក្នុងលំហ នៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកល ដែលបាននិងកំពុងបន្តជះផល អវិជ្ជមានមកលើជាតិមាតុភូមិយើង។
៤. ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាពហួសពីគ្រប់គ្រាន់ និងមានឆន្ទៈ មោះមុតខ្លាំងណាស់ ដើម្បីលើកតម្កើងមុខមាត់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ ម្ល៉ោះហើយប្រជាជាតិកម្ពុជាទាំងមូល គួរតែនិងត្រូវតែរួបរួមគ្នាជាធ្លុងមួយនៅពីក្រោយមេដឹកនាំប្រកបដោយថាមពល របស់យើងរូប នេះដែលអាស៊ាន និងពិភពលោកនឹងសម្លឹងមើល ហើយវាយតម្លៃ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី សប្តាហ៍ក្រោយនេះ៕
អត្ថបទដោយ៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ