អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា កាត់បន្ថយទោសជាប់ពន្ធនាគារ

លោកស្រី អ៊ុងសាន ស៊ូជី ជាអ្នកនយោបាយដែលមានវ័យ ៧៨ឆ្នាំ ត្រូវបានរបបយោធាមីយ៉ាន់ម៉ាផ្តល់ការកាត់បន្ថយការជាប់ពន្ធនាគារ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។

នៅថ្ងៃទី០១ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រភពព័ត៌មានមួយបានរាយការណ៍ថា អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី ស៊ូជី ត្រូវបានលើកលែងទោសពីបទល្មើសចំនួន ៥ក្នុងចំណោមបទល្មើសចំនួន ១៩ដែលលោកស្រីត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ៣៣ឆ្នាំ។

យ៉ាងណាមិញ អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បាននិយាយថា ការលើកលែងទោសនេះមានន័យថា ជាការកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំរបស់លោកស្រី។

ជាមួយគ្នានោះ ក្រុមប្រឹក្សារដ្ឋបាលរបស់របបយោធាមីយ៉ាន់ម៉ា ក៏បានលើកលែងទោសអតីតប្រធានាធិបតីលោក Win Myint ផងដែរ ដោយកាត់បន្ថយការជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ខណៈដែលកាលពីពេលកន្លងទៅ លោកត្រូវបានចាប់ខ្លួនក្នុងពេលតែមួយជាមួយលោកស្រី Suu Kyi បន្ទាប់ពីធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០២១ លើបទចោទប្រកាន់មួយចំនួន។

សូមជំរាបផងដែរថា លោកស្រីត្រូវបានជាប់ឃុំខ្លួនក្នុងផ្ទះជាលើកដំបូងនៅអំឡុងឆ្នាំ ១៩៨៩ បន្ទាប់ពីធ្វើការប្រឆាំងតវ៉ាលើការគ្រប់គ្រងដោយរបបយោធា ហើយលោកស្រីត្រូវបានដោះលែងអោយមានសេរីភាពពេញលេញវិញកាលពីឆ្នាំ ២០១០ ដោយឡែកកាលពីអំឡុងឆ្នាំ ១៩៩១ លោកស្រីបានឈ្នះពានរង្វាន់ណូបែលសន្តិភាព ក្នុងការដែលបានធ្វើយុទ្ធនាការដើម្បីលិទ្ធិប្រជាធិបតេយ្យ។ មួយវិញទៀតលោកស្រីបានឈ្នះការបោះឆ្នោតកាលពីឆ្នាំ ២០១៥ ហើយគណៈបក្សរបស់លោកស្រីត្រូវបានឈ្នះឆ្នោតជាថ្មីទៀតកាលពីឆ្នាំ ២០២០ កន្លងទៅនេះ៕