សេចក្ដីប្រកាសមួយនេះ ធ្វើឡើងបន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងជាប្រធានសភាថៃថ្មី ខណៈតួនាទីមួយនេះអាចឲ្យលោក អំពាវនាវឲ្យមានការអង្គុយរួមនៃសភាទ្វេភាគីរបស់ប្រទេសដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមជម្រាបដែរថា គណបក្សឆ្ពោះទៅមុខ (MFP) ដែលឈ្នះការបោះឆ្នោត និងបក្សប្រជានិយមភឿថៃ បានទម្លាក់គូប្រជែងអភិរក្សនិយមនៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា ដោយទទួលបាន ១៥១ និង ១៤១អាសនៈនៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០រូប។
បន្ថែមពីនោះ មេបក្សឈ្នះឆ្នោត លោក ភីថា លីមចារើនរ៉ាត់ រំពឹងថា នឹងទទួលបានការគាំទ្រខ្ពស់ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី បន្ទាប់ពីគណបក្សលោកបានចុះអនុស្សរណៈយោគយល់ ជាមួយនឹងគណបក្សចំនួន ៦ផ្សេងទៀត៕