នាវាចម្បាំងដែលមានសមត្ថភាពបាញ់គ្រាប់មីស៊ីលរបស់កងទ័ពជើងទឹកឥណ្ឌា កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ខណៈនេះគឺជាកាដូដែលរដ្ឋាភិបាលឥណ្ឌា ជូនទៅកាន់ប្រទេសនៅអាស៊ាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
យោងតាមការឲ្យដឹងពីកងទ័ពជើងទឹកឥណ្ឌាបានបញ្ជាក់ថា នាវាចម្បាំងមួយនោះមានឈ្មោះថា INS Kirpan ដែលសាងសង់ឡើងនៅក្នុងស្រុកផ្ទាល់ និងបានចាកចេញពីកំពង់ផែខាងកើតនៃប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៨ មិថុនា។
គួររំលឹកដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌា និងវៀតណាមកំពុងពង្រឹងទំនាក់ទំនងទ្វេភាគីជាខ្លាំង ជាពិសេសផ្ដោតលើការការពារជាតិ បន្ទាប់ពីពួកគេមានការព្រួយបារម្ភពីការគំរាមកំហែងរបស់ចិន។
សូមជម្រាបដែរថា វៀតណាមគឺជាប្រទេសទីមួយ ដែលទទួលបាននាវាចំបាំងពីឥណ្ឌា ដ្បិតកន្លងមកប្រទេសដែលមានកម្លាំងយោធាធំបំផុតទី ២ បន្ទាប់ពីចិន មិនដែលផ្ដល់នាវាចំបាំងដល់ប្រទេសណាឡើយ៕