យោងតាមការិយាល័យស្ថិតិឡាវ បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា អត្រាអតិផរណារបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង ពីកម្រិត ៣៨,៨៦% ក្នុងខែឧសភា មកនៅត្រឹម ២៨,៦៤% គិតក្នុងខែមិថុនា។ ការធ្លាក់ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុក ប្រាក់គីប គឺជាកត្តាចម្បងមួយ ដែលជំរុញឱ្យមានការកើនឡើងអតិផរណា ដែលធ្វើឱ្យរដ្ឋាភិបាល ត្រូវប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន ក្នុងការទប់ស្កាត់ ការកើនឡើងថ្លៃទំនិញ និងសេវាកម្ម ។
គួរឱ្យដឹងថា នៅក្នុងខែមិថុនា តម្លៃអាហារ និងភេសជ្ជ:គ្មានជាតិអាល់កុល បានកើនឡើងដល់ ៤២,៧៣% នៅ ពេលដែលតម្លៃសេវាដឹកជញ្ជូន បានកើនឡើង ១០,៩៦% ។ ប៉ុន្តែសម្រាប់ការចំណាយលើសេវាកម្មអប់រំ ប្រៃយណីយ៍ និងសេវាកម្សាន្ត បានកើនឡើងតិចតួចបំផុត ។
ធនាគារកណ្តាលឡាវ (BOL) ថ្មីៗនេះ ក៏បានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនតម្លៃប្រាក់គីបរបស់ខ្លួនឡើងវិញ។ ហើយនៅក្រោមគោលនយោបាយនេះ BOL បានអនុញ្ញាតឱ្យធនាគារពាណិជ្ជមានភាពបត់បែនបន្ថែមទៀត ក្នុងការកំណត់ទៅលើអត្រាប្តូរប្រាក់ ដើម្បីកាត់បន្ថយគម្លាតរវាងអត្រាប្តូរប្រាក់ តាមទីផ្សារផ្លូវការ និងមិនផ្លូវការ ។
ជម្រាបជូនផងដែរថា បើទោះបីជាកម្រិតអត្រាអតិផរណា នៅក្នុងប្រទេសឡាវ នៅតែមានកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសនេះ ក្នុងរយ:ពេល ៦ ខែដំបូងឆ្នាំ ២០២៣ នេះ អាចសម្រេចបាននូវកំណើន ៤,៨% ខណ:វិស័យសេវាកម្ម ទីផ្សារលក់ដុំ និងរាយ វិស័យទេសចរណ៍ រួមទាំងវិស័យដឹកជញ្ជូន គឺជាកត្តាចម្បង ដែលបានជំរុញកំណើនសេដ្ឋកិច្ចនេះ៕