កាលពីថ្ងៃទី ២៦ មិថុនា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយថ្កោលទោសចំពោះប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចថា មានបំណងចង់ឲ្យប្រជាពលរដ្ឋរុស្ស៊ី “កាប់សម្លាប់គ្នាឯង” អំឡុងពេលមានការបះបោរពីក្រុមទាហានស៊ីឈ្នួល Wagner។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា តាំងពីក្រុមបះបោរដកទ័ពចេញ លោក ពូទីន បានចេញបញ្ជាដើម្បីជៀសវាងការបង្ហូរឈាម និងផ្តល់ការលើកលែងទោសដល់យុទ្ធជនក្រុម Wagner ខណៈការបះបោរមួយនេះគឺ ជាបញ្ហាប្រឈមដ៏ធំបំផុតអំឡុងពេលប្រធានាធិបតីរុស្ស៊ីកាន់អំណាច ២ទសវត្សមកនេះ។
ប្រធានាធិបតីរុស្ស៊ីបាននិយាយថា៖ តាំងពីការចាប់ផ្ដើមមកម៉្លេះ ខ្ញុំបានចេញបញ្ជាជៀសវាងការបង្ហូរឈាមទ្រង់ទ្រាយធំ ព្រោះថានេះគឺជាអ្វីដែលសត្រូវរបស់រុស្ស៊ីចង់បាន គឺទាំងរដ្ឋាភិបាលក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេ ចង់ឲ្យទាហានរុស្ស៊ីកាប់សម្លាប់គ្នា។
បន្ថែមពីនោះ លោក ពូទីន ក៏បានផ្ដល់ជម្រើសឲ្យក្រុមបះបោរ Wagner ៣ជម្រើសផងដែរ គឺចូលបម្រើកងទ័ពរុស្ស៊ី ឬអាចចាកចេញទៅប្រទេសបេឡារុស ឬក៏អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន៕