ទីបំផុត ប្រមុខការទូតអាមេរិក Antony Blinken បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នាថ្ងៃច័ន្ទនេះ ខណៈវាក៏ត្រូវបានគេមើលឃើញថា ជាឧបករណ៍វាស់ស្ទង់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីបរទេសអាមេរិក ទៅកាន់ប្រទេសចិនរយៈពេល ៥ឆ្នាំចុងក្រោយផងដែរ។
ក្នុងកិច្ចពិភាក្សាកំពូលមួយនេះ លោក ស៊ីបាននិយាយថា ប្រទេសចិនបានបង្ហាញពី “ជំហរយ៉ាងច្បាស់លាស់” ដោយសង្កត់ធ្ងន់ថា ភាគីទាំងសងខាងសុទ្ធតែឯកភាពតាមការយល់ដឹងរួម រវាងប្រធានាធិបតី ចូ បៃដិន និងថ្នាក់ដឹកនាំកំពូលចិន អំឡុងកិច្ចប្រជុំដែលធ្វើឡើងនៅកោះបាលី។ នេះបើតាមការចុះផ្សាយពីកាសែតរដ្ឋចិន។
ប្រធានាធិបតីចិនថែមទាំងបាននិយាយថា៖ អន្តរកម្មរវាងរដ្ឋ និងរដ្ឋ គួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងភាពស្មោះត្រង់ ហើយខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចមួយនេះ លេខាធិការ Blinken អាចរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពទំនាក់ទំនងចិន-អាមេរិក។
បន្ថែមពីនោះ លោក ស៊ី ជិនពីងក៏បានបញ្ជាក់ថា ប្រទេសទាំង ២ “ក៏បានធ្វើឱ្យមានវឌ្ឍនភាព និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់លាក់មួយចំនួន” ប៉ុន្តែមិនបញ្ជាក់លំអិតពីកិច្ចព្រមព្រៀងទាំងនោះឡើយ។
សូមជម្រាបដែរថា កិច្ចប្រជុំរវាងប្រមុខការទូតអាមេរិក និងប្រធានាធិបតីចិន អាចនិយាយថាជាការបើកផ្លូវដល់ឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតដូចជា លេខាធិការរតនាគារ Janet Yellen និងលេខាធិការពាណិជ្ជកម្ម Gina Raimondo ជាដើម៕