បាត់អស់សមាជិកអាស៊ានពាក់កណ្ដាល ក្នុងកិច្ចប្រជុំរៀបចំដោយថៃ

កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ​បានប្រកាសពីការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​អាស៊ាន ជុំវិញបញ្ហារបបយោធាកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា នៅឯកិច្ចចរចាសន្តិភាពក្នុងតំបន់ក្រៅផ្លូវការ។ នេះបើតាមការចុះផ្សាយពី Reuters។

យ៉ាងណា សមាជិកអាស៊ានសំខាន់ៗជាច្រើន​បាន​បដិសេធមិនចូលរួមកិច្ចប្រជុំមួយនេះ និងទទួល​បាន​ការរិះគន់ជាខ្លាំង ខណៈគិតមកទល់ពេលមាន​មានតែ​ប្រទេសកម្ពុជា​មួយប៉ុណ្ណោះ ដែល​ប្រកាសជាផ្លូវការថា នឹងចូលរួមកិច្ចប្រជុំ​រៀបចំដោយ​ថៃ។

ដោយឡែក ក្រសួងការបរទេសថៃបាន​បិទព័ត៌មាន​យ៉ាងជិត ដោយមិនបង្ហាញថា ប្រទេសណាខ្លះ នឹងចូលរួមកិច្ចប្រជុំ​រយៈពេល ២ថ្ងៃ រៀបចំនៅទីក្រុង Pattaya ដោយគេគ្រាន់​តែដឹងថា រដ្ឋមន្ត្រីការបរទេស Don Pramudwinai បាន​ផ្ញើរ​លិខិតអញ្ជើញ​រយៈពេល ៤ ថ្ងៃមុនប៉ុណ្ណោះ មុនកិច្ចប្រជុំមួយនេះកំណត់ធ្វើឡើង។

យ៉ាងណា Reuters បានរាយការណ៍ថា មានប្រទេសសមាជិកជាច្រើនដែលខកខាន​កិច្ចប្រជុំមួយនេះ​ដូចជា ឥណ្ឌូណេស៊ី និងសិង្ហបុរី​បដិសេធមិនចូលរួម ខណៈវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន​ក៏​មិនបាន​បង្ហាញវត្តមាន ក្រោមហេតុផល​មានភារកិច្ចសំខាន់​រៀងខ្លួន៕