អំពើហិង្សានៅមីយ៉ាន់ម៉ានឹងកាន់តែយ៉ាប់យ៉ឺន ក្រោយប្រជាជនមានសិទ្ធប្រើប្រាស់អាវុធ

ច្បាប់ប្រើប្រាស់អាវុធថ្មីនៅមីយ៉ាន់ម៉ា អនុញ្ញាតិ​ឲ្យ​ជនស៊ីវិល​អាច​ប្រើប្រាស់​អាវុធ​បាន​ដោយសេរី ដែលវានឹងធ្វើឲ្យស្ថានការណ៍​នៅប្រទេសមួយនេះ ផុងកាន់តែជ្រៅ​ក្នុង​វិបត្តិសង្គ្រាម​ស៊ីវិល។ នេះបើតាម​ព័ត៌មាន​ផ្ដល់​ឲ្យដោយ​អ្នកសង្កេតការ។

ដោយឡែក CNA ក៏បាន​រាយការណ៍​ដែរថា ប្រទេសមួយនេះ​បានធ្លាក់ចូល​ភ្នក់ភ្លើងសង្គ្រាម បន្ទាប់ពី​យោធា​ធ្វើរដ្ឋប្រហារ កាន់កាប់អំណាច​កាលពីជាង ២ឆ្នាំមុន ខណៈ​សកម្មភាពថ្មី​នេះ​ទៀតសោត នឹងធ្វើឲ្យ​មានការបង្ហូរឈាម​កាន់តែខ្លាំង បើទោះជា​កន្លងមក​ធ្លាប់​មាន​ការ​ជួយ​អន្តរាគមន៍​ជាច្រើន​ក៏ដោយ។

ការផ្លាស់ប្តូរថ្មីបំផុតចំពោះច្បាប់កាំភ្លើងកាលពីខែមុន បានកើតឡើងនៅពេលដែលកងទ័ពប្រឈមមុខ នឹងសម្ពាធកាន់តែខ្លាំង ដើម្បីកម្ចាត់ក្រុមប្រឆាំងនៅក្នុងសមរភូមិជាច្រើន ស្របពេលក្រុមអ្នកសង្កេតការណ៍បាននិយាយថា ចំណាត់ការនេះគឺ មានបំណងបង្កើនអំណាចនៃអ្នកគាំទ្ររបបយោធា ដែលខ្លាចត្រូវបានវាយប្រហារ។

“ច្បាប់កាំភ្លើងថ្មីទាំងនេះហាក់ដូចជា កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតយន្តការផ្លូវច្បាប់មួយ សម្រាប់ផ្តល់អាវុធដល់ប្រជាជនដែលគាំទ្ររបបយោធា ដើម្បីការពារតំបន់ដែលពួកគេបានយកមកវិញពី PDF (កងកម្លាំងការពារប្រជាជន) ឬកងកម្លាំងការពារក្នុងស្រុក”។ នេះបើតាមសម្ដីរបស់លោក Aaron Connelly អ្នកជំនាញជាន់ខ្ពស់ផ្នែកនយោបាយអាស៊ីអាគ្នេយ៍ និងគោលនយោបាយការបរទេសនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ។

ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋវិញ ច្បាប់ថ្មីនេះគឺកាន់តែបន្ថែមភាពភ័យខ្លាចដល់ពួកគាត់​មួយកម្រិតទៀត ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍ថា មិនមានសុវត្ថិភាព សូម្បីតែនៅពេលធ្វើការងារប្រចាំថ្ងៃដូចជាការទៅផ្សារជាដើម។

សូមជម្រាបដែរថា កន្លងមក​មានករណី​ធ្វើឃាត និងវាយប្រហារ​ទៅលើ​អ្នកគាំទ្រ​របបយោធា តាំងពី​ចែងច្បាប់​អាវុធ​ថ្មី​នេះម៉្លេះ ហើយក្រោយអនុម័តច្បាប់ថ្មី ករណីឃាតកម្ម អាចនឹងកាន់តែ​កើតមានច្រើនថែមទៀត៕