ប្រទេសលោកខាងលិចធ្វើឲ្យបេឡារុសគ្មានជម្រើសអ្វី ក្រៅពីឲ្យរុស្ស៊ីដាក់ពង្រាយអាវុធ និងគ្រាប់នុយក្លេអ៊ែរ និងប្រុងប្រយ័ត្នបន្ថែម ដើម្បីជៀសវាងការ “ឆ្លងបន្ទាត់ក្រហម”។ នេះបើតាមសម្ដីរបស់ Alexander Volfovich រដ្ឋលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខបេឡារុស។
រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា វាគឺជារឿងសមហេតុសមផល ដែលអាវុធត្រូវបានដកចេញបន្ទាប់ពីការដួលរលំរបស់សូវៀតឆ្នាំ ១៩៩១ ខណៈដែលសហរដ្ឋអាមេរិកបានផ្តល់ការធានាសន្តិសុខ និងមិនបានដាក់ទណ្ឌកម្ម ប៉ុន្តែសព្វថ្ងៃនេះ ពាក្យសន្យាទាំងនោះលែងមានន័យតទៀតហើយ។ នេះបើតាមការចុះផ្សាយពី Kelo។
ដោយឡែក លោក Alexander ក៏បានបន្ថែមដែរថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររុស្ស៊ីលើទឹកដីបេឡារុស គឺជាយុទ្ធសាស្ត្រកំញើញលោកខាងលិច ព្រោះបើសិនជាមេដឹកនាំលោកខាងលិចគ្មានបំណងអាក្រក់អី នោះពួកគេក៏គ្មានហេតុផលត្រូវឆ្លងបន្ទាត់ក្រហមមួយនេះដូចគ្នា។
គួរជម្រាបដែរថា លោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើបេឡារុស តាំងពីមុនប្រទេសនេះជាប់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀត ស្របពេលសហរដ្ឋអាមេរិកក៏បានថ្កោលទោសទៅលើបេឡារុស ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះផងដែរ៕