អ៊ុយក្រែន៖ រុស្ស៊ីកំពុងរារាំងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដោយផ្អាកប្រតិបត្តិការកំពង់ផែធំអ៊ុយក្រែន

កំពង់ផែ Pivdennyi របស់ប្រទេសអ៊ុយក្រែន​កំពុងផ្អាកប្រតិបត្តិការ ដោយសារ​ប្រទេសរុស្ស៊ី​មិនអនុញ្ញាតិឲ្យនាវា​ចូលទៅចតនៅទីនោះ ដែលខុសពី​ធរមាន​ក្នុងកិច្ច​ព្រម​ព្រៀង​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ដោយ​សុវត្ថិភាព។ នេះបើតាមការអះអាងពី​មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃទី ២៣ ឧសភា។

គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលបានចុះហត្ថលេខាដោយរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកក្កដា និងបានបន្តកាលពីសប្តាហ៍មុន សម្រាប់រយៈពេលពីរខែបន្ថែមទៀត គឺមានបំណងធានាការនាំចេញធញ្ញជាតិ និងអាហារប្រកប ដោយសុវត្ថិភាពពីកំពង់ផែអ៊ុយក្រែនចំនួនបីគឺ Odesa, Chornomorsk និង Pivdennyi។

ទន្ទឹមនឹងនោះ អង្គការសហប្រជាជាតិ ដែលរួមគ្នាជាមួយប្រទេសតួកគី បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃចន្ទថា Pivdennyi ដែលនៅជិត Odesa នៅលើសមុទ្រខ្មៅ មិនទាន់បានទទួលកប៉ាល់ណាមួយចាប់តាំងពីថ្ងៃទី ០២ ខែឧសភា ក្រោមកិច្ចព្រមព្រៀងនេះនៅឡើយទេ។
សូមជម្រាបដែរថា នៅក្រោមកិច្ចព្រមព្រៀងនេះ នាវាទាំងអស់នៅកំពង់ផែអ៊ុយក្រែន ត្រូវតែត្រួតពិនិត្យដោយក្រុមរួមគ្នា រួមទាំងអធិការរុស្ស៊ីផងដែរ ប៉ុន្តែចាប់តាំងពីថ្ងៃទី ២៩ ខែមេសា អធិការរុស្ស៊ីបានបដិសេធមិនត្រួតពិនិត្យនាវាដែលភ្ជាប់ទៅនឹងកំពង់ផែ Pivdennyi ឡើយ។

គួររំលឹកទៀតថា Pivdennyi គឺជាកំពង់ផែដ៏ធំបំផុត ដែលរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ខណៈទិន្នន័យរបស់ក្រសួងស្តារឡើងវិញបង្ហាញថា ពួកគេកំពុងរក្សាទុកអាហារប្រហែល ១,៥ លានតោនសម្រាប់ការនាំចេញនាពេលអនាគតទៅកាន់ប្រទេសចំនួន ១០ ដោយមាននាវាចំនួន ២៦ គ្រឿងនឹងមកដឹកជញ្ជូនអាហារទាំងនោះ៕