មីយ៉ាន់ម៉ា ត្រៀមដាក់ពង្រាយទាហាន​តាមព្រំដែនបន្ថែម បន្ទាប់ពីមេ បក្សប្រឆាំងថៃ ចេញសេច​ក្តីថ្លែងការណ៍

ថ្មីៗនេះ មេដឹកនាំដ៏មានឥទ្ធិពលបំផុតទីពីររបស់មីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសដល់មេបញ្ជាការក្រោមឱវាទរបស់ខ្លួន​ទាំង​អស់ ឱ្យបង្កើនការឃ្លាំមើលជាពិសេសបន្ថែមទៀត នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពី គណបក្សឆ្ពោះទៅ​មុខ (Move Forward) របស់ថៃ បានឈ្នះអាសន:សភាច្រើនជាងគេ​ នៅក្នុងការបោះឆ្នោតទូទៅ កាលពីថ្ងៃទី ១៤ ខែឧស​ភា​កន្លងទៅ ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Irrawaddy បានបង្ហាញឱ្យដឹងថា ឧត្តមសេនីយទោ Soe Win បាននិយាយថា ៖ ” គណ​បក្សឆ្ពោះទៅមុខ គឺជាអ្នកគាំទ្ររបស់ប្រទេសលោកខាងលិច ហើយពួកគេនឹងជួយដល់ពួកក្រុមភេរវករ ដូច្នេះយើង​ត្រូវតែបង្កើនការឃ្លាំមើលបន្ថែមទៀត នៅតាមព្រំដែន និងទទួលយកព័ត៌មានពីពួកគេ ក៏ដូចជាចលនា និងសកម្មភាព​ពួកគេផងដែរ ” ។

យ៉ាងណាមិញ ចំពោះក្រុមហ៊ុនភេរវករ ដែលលោក Soe Win ចង់សំដៅលើនោះ គឺជាក្រុមដែលប្រឆាំងទៅនឹង​របបយោធា​​កំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា ដោយពួកគេតែងធ្វើសកម្មភាព​បះបោរ​នៅតាមព្រំដែន ។

យ៉ាងណាមិញ ជុំវិញការលើកឡើងបែបនេះ គឺត្រូវបានកើតឡើង បន្ទាប់ពីមេដឹកនាំរបស់គណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ដែលត្រូវបានគេសន្មត់ថានឹងអាចក្លាយជានាយរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃនោះ គឺតែងតែបានធ្វើការរិះគន់​ជាញឹក​ញាប់ ទៅលើគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលថៃកន្លងមក ចំពោះការដែលមិនព្រមដោះស្រាយទៅ​លើបញ្ហា​របស់ប្រទេសជិតខាង ។

មិនតែ​ប៉ុណ្ណោះ លោក Soe Win ក៏ទំនងជាអាចព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីលោក Pita បានបង្ហាញពីគោល​នយោ​បាយ​របស់ខ្លួន ទៅលើប្រទេសមីយ៉ាន់ម៉ា នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការបោះឆ្នោត ដោយនិយាយថា ៖ ” យើងចង់ជំរុញទៅមុខ ដើម្បីធ្វើឱ្យប្រាកដថា ការយល់ស្របប្រាំចំណុច ដែលជាការ​ឯកភាព​គ្នា និងត្រូវបានអនុម័តដោយ​អាស៊ាន ​ដើម្បីជា​ផែនការ​សន្តិភាព ​សម្រាប់​មីយ៉ាន់ម៉ា​ នឹងអាចសម្រេចបាន “៕