អារ៉ាប់រួម ចាប់យក​ឱកាស​​វិនិយោគ​​នៅកូរ៉េខាងត្បូង គ្រោង​​បោះ​ទុន​ ២ពាន់​​​លាន​ដុល្លារ

យោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលទីក្រុង Abu Dhabi បានកំណត់​គោល​ដៅ​ក្នុង​ការបោះទុនប្រហែល ២ពាន់លានដុល្លារ ដើម្បីចាប់យកឱកាសវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់​​ពីភាគី​ទាំង​​ពីរ បានយល់ព្រមពង្រីកទំនាក់ទំនងអាជីវកម្មរួមគ្នា កាលពីខែមករា កន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ប្រទេសអារ៉ាប់រួម (UAE) បានសន្យាទៅលើកិច្ចព្រមព្រៀងនេះ អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាត្បូង លោក Yoon Suk Yeol ទៅកាន់ទីក្រុង Abu Dhabi ក្នុងខែមករា ដើម្បីបោះទុនវិនិយោគដល់ទៅ ៣០ពាន់លានដុល្លារ នៅ​ក្នុង​ប្រទេសអាស៊ីមួយនេះ ទៅលើវិស័យជាច្រើន រួមទាំងថាមពល និងព័ត៌មានវិទ្យាផងដែរ ។

យ៉ាង​ណាមិញ នៅក្នុងពេលថ្មីៗនេះ បើតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយធនាគារអភិវឌ្ឍកូរ៉េ និងក្រុមហ៊ុន​វិនិ​យោគ Mubadala Investment Company បានបង្ហើបថា រដ្ឋាភិបាល Abu Dhabi បានធ្វើការកំណត់គោលដៅរួចរាល់ ក្នុង​ការបោះទុនប្រហែល ២ពាន់លានដុល្លារ ដើម្បីចាប់ឱកាសវិនិយោគដ៏មានសក្តានុពល នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពខាងលើ មិនបានបញ្ជាក់លម្អិតអំពីការវិនិយោគទៅលើអ្វីនៅឡើយនោះទេ ខណ:​ភាគី​ប្រទេសទាំងពីរ បាននិងកំពុងស្វែងរកការវិនិយោគជាបន្តបន្ទាប់ ចាប់តាំងពីកិច្ចប្រជុំកំពូល កាលពីក្នុងខែមករានោះមក ៕