គណបក្សឆ្ពោះទៅមុខ និងសម្ព័ន្ធមិត្តគ្រោងបង្កើតរដ្ឋាភិបាលចម្រុះ

គណបក្សឆ្ពោះទៅមុខ (Move Forward Party) និងបក្សសម្ព័ន្ធ ៧ផ្សេងទៀត បានព្រមព្រៀង​ចុះអនុស្សរណៈយោគយល់ (MOU) កាលពីថ្ងៃទី ២២ ឧសភា និងពីបញ្ជាក់កិច្ចព្រមព្រៀងទៅវិញទៅមក ដើម្បីជំរុញរបៀបវារៈចំនួន ២៣ នៅពេលដែលរដ្ឋាភិបាលចម្រុះរបស់ពួកគេត្រូវបានបង្កើតឡើង។ នេះបើតាមការចុះផ្សាយពី CNA។

ការចុះ MOU មួយនេះធ្វើឡើង ក្រោយគណបក្សឆ្ពោះទៅមុខទទួលបាន​ជ័យជំនះ​ ដោយគ្មាន​ការ​រំពឹងទុក​កាលពីថ្ងៃទី ១៤ ឧសភា សម្រាប់ការបោះឆ្នោតសកល ខណៈ MOU នេះមានគោលបំណងបង្កើតមូលដ្ឋានសម្រាប់ការបង្កើតរដ្ឋាភិបាលថៃថ្មី និងដើម្បីកំណត់ទិសដៅការងាររួមគ្នាក្នុងចំណោមភាគីទាំងប្រាំបី។

“វាគឺជាការចងក្រងរបៀបវារៈដែលយើងបានព្រមព្រៀងគ្នា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញតាមរយៈយន្តការរដ្ឋាភិបាល និងសភា។ វា​ក៏​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ដែល​បាន​ចែក​រំលែក​ដោយ​ភាគី​ដែល​នឹង​បង្កើត​រដ្ឋាភិបាល​ជាមួយ​គ្នា”។ នេះបើតាមការ​បង្ហើប​ឲ្យដឹងពីមេបក្ស និងបេក្ខភាពនាយករដ្ឋមន្ត្រី ភីថា លីមចារើនរ៉ាត់។

ក្នុងចំណោមបេសកកម្មសំខាន់ៗនៃការចុះ MOU នេះទៀតសោតគឺមានដូចជា ការព្រាងរដ្ឋធម្មនុញ្ញថ្មី ការធ្វើឱ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ការដាក់កញ្ឆាឡើងវិញក្នុងបញ្ជីគ្រឿងញៀនដែលត្រូវបានហាមឃាត់ និងជំនួសការចុះឈ្មោះជាកាតព្វកិច្ច ជាមួយនឹងការជ្រើសរើសដោយស្ម័គ្រចិត្តក្នុងអំឡុងពេលសន្តិភាព។

សូមជម្រាបដែរថា គណបក្សចម្រុះដែលចុះ MOU នេះមានដូចជា គណបក្សឆ្ពោះទៅមុខ គណបក្ស​ភឿថៃ គណបក្ស Prachachat គណបក្សសេរីភាពថៃ គណបក្ស Thai Sang Thai គណបក្សយុត្តិធម៌ គណបក្ស Plung Sungkom Mai និងគណបក្ស Pue Thai Rumphlang ដោយពួកគេ​មាន ៣១៣អាសនៈ ក្នុងចំណោម ៥០០អាសនៈសរុប នៅក្នុងសភាតំណាងរាស្ត្រ។

ក្រៅពីរបៀបវារៈចំនួន ២៣ គណបក្សទាំង ៨ នេះក៏បានយល់ព្រមរួមគ្នាគ្រប់គ្រងប្រទេស ទន្ទឹមនឹងការការពារសិទ្ធិពលរដ្ឋ និងសេរីភាពពលរដ្ឋ ក៏ដូចជាផ្តល់អាទិភាពដល់ផលប្រយោជន៍សាធារណៈជាងភាគីសមាជិកណាមួយផងដែរ៕