ថ្មីៗនេះ ទីភ្នាក់ងារផែនការអភិវឌ្ឍជាតិ (Bappenas) បានលើកឡើងថា ឥណ្ឌូនេស៊ី អាចនឹងលែងក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោកនៅក្នុងឆ្នាំ ២០៤៥ ដោយសារតែប្រទេសនេះ កំពុងមើលឃើញពីអត្រាកំណើតធ្លាក់ចុះខ្លាំង។
ការស្ទង់មតិថ្មីៗ ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានបង្ហាញឱ្យដឹងទៀតថា អត្រាកំណើនរបស់ប្រជាជនឥណ្ឌូនេស៊ី អាចនឹងធ្លាក់ចុះពី ១,១៧% នៅក្នុងឆ្នាំ ២០២២ មកនៅត្រឹម ០,៤% ប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០៤៥ ជាមួយប្រជាជនសរុប ត្រូវបានរំពឹងថានឹងមានចំនួន ៣២៤ លាននាក់ ។
គួរឱ្យដឹងថា នៅឆ្នាំ ២០២០ ឥណ្ឌូនេស៊ី នៅតែត្រូវបានចាត់ទុកថាជាប្រទេសមានប្រជាជនច្រើនបំផុត លំដាប់ទី៤ នៅលើពិភពលោក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០៤៥ តំណែងរបស់ឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ចំណាត់ថ្នាក់លេខ ៦ វិញ ខណ:តំណែងលេខ ៤ និងលេខ ៥ និងត្រូវកាន់កាប់ដោយប្រទេសនីហ្សេរីយ៉ា និងប៉ាគីស្ថាន ។
មិនតែប៉ុណ្ណោះ ដោយថ្លែងនៅក្នុងព្រឹត្តិការណ៍ “Indonesia Emas 2045 (Indonesia Gold 2045)” កាលពីថ្ងៃទី ១៦ ខែឧសភា ប្រធាន Bappenas លោក Suharso Monoarfa បាននិយាយថា អត្រាកំណើនប្រជាជននៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ ហាក់កំពុងមានការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអត្រាកំណើនជាមធ្យមត្រឹមតែ ០,៦៧% ប៉ុណ្ណោះ ក្នុងចន្លោះឆ្នាំ ២០២០-២០៥០។
ជម្រាបជូនផងដែរថា យោងតាមការគណនារបស់ស្ថាប័នខាងលើ បានបង្ហាញថា សមាមាត្រនៃប្រជាជនឥណ្ឌូនេស៊ី ដែលមានអាយុលើសពី ៦៥ ឆ្នាំ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ១៤,៦% នៅក្នុងឆ្នាំ ២០៤៥ ពោលគឺកើនពី ៦,២% នៅក្នុងឆ្នាំ ២០២០។ ជាមួយគ្នានេះ សមាមាត្រនៃចំនួនប្រជាជន ដែលស្ថិតក្នុងវ័យធ្វើការ (ពី ១៥ ឆ្នាំ ទៅ ៦៤ ឆ្នាំ) ត្រូវបានគេរំពឹងថានឹង ធ្លាក់ចុះ ៦៥,៨% ពី ៦៩,៣% ក្នុងអំឡុងពេលដូចគ្នា ៕