បារាំងត្រៀមបញ្ជូនរថក្រោះរាប់សិនគ្រឿងទៅអ៊ុយក្រែន

យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សារបស់ប្រធានាធិបតី លោក Emmanuel Macron ជាមួយប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញថា​ ប្រទេសបារាំង នឹងបញ្ចូនរថពាសដែក រថក្រោះធុនស្រាល រួមទាំងរថពាសដែកចម្បាំងប្រភេទ AMX-10RCs រាប់សិបគ្រឿង ទៅឱ្យអ៊ុយក្រែន នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

បន្ទាប់ពីជំនួបអស់រយៈពេលជាងបីម៉ោង រវាងលោក Macron និងលោក Volodymyr Zelenskyy ប្រធានាធិបតីបារាំង បានបង្ហាញទៀតថារដ្ឋាភិបាលទីក្រុងប៉ារីស ក៏កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លើការគាំទ្រចំពោះសមត្ថភាពការពារដែនអាកាសរបស់រដ្ឋាភិបាលទីក្រុង Kyiv ដើម្បីប្រឆាំងតបតទៅនឹងការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ី ផងដែរ ។

គួរឱ្យដឹងថា ចំពោះដំណើរទស្សនកិច្ចក៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងប៉ារីស របស់លោក Zelenskyy កាលពីចុងសប្តាហ៍មុន គឺត្រូវបានធ្វើឡើង ដើម្បីជំរុញដល់ការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុ មុនពេលមានការរំពឹងទុកថាអ៊ុយក្រែន នឹងបើការវាយលុយទ្រង់ទ្រាយធំ ដើម្បីប្រឆាំងទៅនឹងកងកម្លាំងរបស់រុស្ស៊ី ។

មិនតែប៉ុណ្ណោះ ក្នុងជំនួបដ៏សំខាន់នេះ លោក Marcron ក៏បានបញ្ជាក់សារជាថ្មីទៅកាន់លោក Zelenskyy ផងដែរថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងបន្តផ្តល់ជំនួសផ្នែកយោធា ហិរញ្ញវត្ថុ មនុស្សធម៌ ទៅដល់អ៊ុយក្រែន នៅពេលណាពួកគេត្រូវការចាំបាច់ ។

ជម្រាបជូនផងដែរថា បន្ទាប់ពីទទួលបានកញ្ចប់ថវិកាជំនួយយោធាថ្មី ចំនួន ៣ពាន់លានដុល្លារពីប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍មុន លោក Zelenskyy បាននិយាយថា រដ្ឋាភិបាលទីក្រុង Kyiv និងសម្ព័ន្ធមិត្តអឺរ៉ុបសំខាន់ៗរបស់ខ្លួន សង្ឃឹមថានឹងអាចនឹងធ្វើឱ្យរុស្ស៊ីបរាជ័យក្នុងសង្គ្រាម ជាក់ជាមិនខាន ៕