កិច្ចប្រជុំចតុភាគីនៅអូស្ត្រាលីអាចនឹងពន្យារពេល ក្រោយ បៃដិន លុបចោលដំណើរទស្សនកិច្ច

នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយ​ថា រដ្ឋាភិបាល​របស់លោក​បាន​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រីជប៉ុន និងឥណ្ឌា បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន ពន្យារពេល​ដំណើរទស្សនកិច្ចទៅអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំចតុភាគី។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ប្រធានាធិបតី ចូ បៃដិន បានលុបចោលដំណើរ​ទស្សនកិច្ច​ ដែលជាជើងទីពីរនៃដំណើរទស្សនៈកិច្ចអាស៊ីនាពេលខាងមុខរបស់គាត់ ដោយសារតែវិបត្តិសេដ្ឋកិច្ច ចំពោះបំណុលរបស់សហរដ្ឋអាមេរិក ហើយនឹងត្រូវត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ។

“​ប្រធានាធិបតី និងខ្ញុំ បានព្រមព្រៀងគ្នាថា ពួកយើងនឹងធ្វើការរួមគ្នា ដើម្បីរៀបចំកាលវិភាគ​ដំណើរទស្សនកិច្ច​ទៅអូស្ត្រាលី នៅរយៈពេលឆាប់ៗខាងមុខ”។ នេះបើតាមសម្ដី​របស់​លោក Albanese បានអះអាង។

សូមជម្រាបដែរថា Albanese គ្រោងនឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតី Biden នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងស៊ីដនី នៅថ្ងៃទី ២៤ ខែឧសភា សម្រាប់កិច្ចប្រជុំចតុភាគី​នៃ​សម្ព័ន្ធមិត្តទាំង ៤ នេះ៕