កាលពីពេលថ្មីៗនេះ មន្ត្រីសហភាពអឺរ៉ុប បានជួបប្រជុំគ្នា និងសម្រេចគាំទ្រលើផែនការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ EU ពីប្រទេសចិន ខណៈបច្ចុប្បន្នពួកគេកំពុងស្វែងរកមធ្យោបាយដោះស្រាយបញ្ហាមួយនេះ។
ប្រធានគោលនយោបាយការបរទេស Josep Borrell បាននិយាយថា រដ្ឋមន្ត្រីការបរទេសបានផ្តល់ការគាំទ្រយ៉ាងទូលំទូលាយ ចំពោះផែនការកែសម្រួលគោលនយោបាយលើប្រទេសចិន ដើម្បីដាក់ការសង្កត់ធ្ងន់កាន់តែខ្លាំងលើតួនាទីរបស់ខ្លួនជាគូប្រជែងនយោបាយ និងបន្តមើលឃើញទីក្រុងប៉េកាំងទាំងជាដៃគូលើបញ្ហាពិភពលោក និងជាដៃគូប្រកួតប្រជែងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់ CNA។
“គ្រប់គ្នាសុទ្ធតែបង្ហាញអារម្មណ៍រីករាយ ពេលដែលយើងបង្ហាញពីផែនការ និងបានយល់ព្រមរៀបចំកិច្ចសហប្រតិបត្តិការជាមួយចិនឡើងវិញ។ កាលណាពួកយើងពឹងផ្អែកលើចិនខ្លាំងពេក វានឹងមានហានិភ័យ”។ នេះបើតាមសម្ដីរបស់លោក Barrell បានអះអាង។
បន្ថែមពីនោះ លោកក៏បានបន្ថែមថា សព្វថ្ងៃសហភាពអឺរ៉ុបកំពុងពឹងផ្អែកខ្លាំងលើចិន ចំពោះវិស័យបច្ចេកវិទ្យាដូចជា បន្ទះសូឡា និងវត្ថុធាតុដើមមួយចំនួនទៀត។
សូមជម្រាបថា ក្រុមមន្ត្រីអឺរ៉ុបទាំងនោះ កំពុងរៀបចំសំណើដាក់ទៅកាន់ប្រធាន EU ដែលនឹងគ្រោងចូលជួបពិភាក្សាជាមួយចិន ក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនាខែមិថុនាខាងមុខ៕