រដ្ឋមន្ត្រីអាមេរិក និងអាល្លឺម៉ង់ពិភាក្សាអំពីកិច្ចប្រឹងប្រែងដើម្បីទប់ទល់ការគេចវេសពីទណ្ឌកម្មរុស្ស៊ី

រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក Janet Yellen បានជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Christian Lindner ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើការរួមគ្នា ដើម្បីប្រឆាំងនឹងការគេចវេសពីទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

អ្នកស្រី Yellen និងលោក Lindner បានជួបជជែកគ្នាក្នុងជំនួបទ្វេភាគីក្រៅផ្លូវការ អំឡុងចូលរួមកិច្ច​ប្រជុំកំពូល​រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុម G7 នៅទីក្រុង Niigata ប្រទេសជប៉ុន ដែលរដ្ឋមន្ត្រីអាមេរិក​បានស្នើ​ឲ្យ​មានការ​ផ្ដល់ជំនួយបន្ថែមដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី Kelo។

ដោយឡែករតនាគារសហរដ្ឋអាមេរិក​បាន​បង្ហើបដែរថា៖ “លេខាធិការ Yellen បានសម្តែងការពេញចិត្តចំពោះការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់អាល្លឺម៉ង់លើការអនុវត្តទណ្ឌកម្មរុស្ស៊ី និងបានពិភាក្សាអំពីសារៈសំខាន់ នៃការតម្រឹមកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងការគេចវេសពីទណ្ឌកម្ម”។

គួររំលឹកដែរថា សហរដ្ឋអាមេរិក និងសម្ព័ន្ធភាពទូលំទូលាយនៃបណ្តាប្រទេសផ្សេងទៀតបានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច សន្តិសុខ និងមនុស្សធម៌យ៉ាងសំខាន់ដល់អ៊ុយក្រែន ខណៈពេលដែលប្រើប្រាស់ទណ្ឌកម្ម និងការត្រួតពិនិត្យការនាំចេញ ដើម្បីដាក់ការចំណាយសេដ្ឋកិច្ចដ៏ធ្ងន់លើប្រទេសរុស្ស៊ី៕