កាលពីថ្ងៃទី ០៩ ឧសភា រដ្ឋមន្ត្រីការបរទេសចិន Qin Gang បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ ដែលមានបំណងចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNA។
“ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្ហាញពីទំនួលខុសត្រូវ ចិននឹងមិនឱបដៃមើលការញុះញង់ ឬក៏ចាក់សាំងថែមលើភ្លើងដែលកំពុងឆេះឡើយ”។ នេះបើតាមសម្ដីរបស់លោក Qin បាននិយាយ។
គួររំលឹកដែរថា បើទោះចិនប្រកាន់ជំហរមិនលូកដៃក្នុងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែពួកគេក៏មិនចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើសម្ព័ន្ធមិត្តត្បូងពេជ្ររបស់ខ្លួនដែរ ដែលបណ្ដាលឲ្យសហភាពអឺរ៉ុប ព្យាយាមធ្វើទុក្ខបុកម្នេញចិនដោយការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយចំនួន បន្ទាប់ពីចោទពាក់ព័ន្ធនឹងសង្គ្រាមមួយនេះ។
សូមជម្រាបបន្ថែមថា បច្ចុប្បន្នលោក Qin កំពុងបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ បារាំង និងន័រវែស ក្រោមការអញ្ជើញពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៣នេះ ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ឧសភា៕