អតីតនាយ​ក​រដ្ឋមន្ត្រីអ​​ង់​គ្លេស គ្រោង​ទស្សន​កិច្ច នោ​តៃ​វ៉ាន់​ នាសប្ដាហ៍ក្រោយ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Liz Truss នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់​ នាសប្ដាហ៍​ក្រោយ និងជួបជជែកជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ខណៈលោកស្រីនឹង​និយាយពី​លទ្ធិប្រជាធិបតេយ្យលោកខាងលិច ដើម្បីពង្រឹងជំហររបស់ពួកគេចំពោះប្រទេសចិន។ នេះបើតាមការចុះផ្សាយពី CNA។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស កាន់អំណាចបានមួយភ្លែតរូបនេះបាននិយាយថា៖ “តៃវ៉ាន់​ជា​សញ្ញា​នៃ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំទន្ទឹងរង់ចាំការបង្ហាញសាមគ្គីភាពជាមួយប្រជាជនតៃវ៉ាន់ដោយផ្ទាល់ ចំពោះមុខអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើង និងវោហាសាស្ត្រពីរបបនៅទីក្រុងប៉េកាំង”។

គួររំលឹកដែរថា លោកស្រី Liz កាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស រយៈពេលខ្លីបំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ ពោលកាន់អំណាចមិនបាន ២ខែផង ក៏ប្រកាសលាលែងពីតំណែង បន្ទាប់ពី​គោលនយោបាយ​របស់​អ្នកស្រី ទទួលរងការរិះគន់ខ្លាំងពេក។

តាំងពីពេលនោះ លោកស្រីតែងតែនិយាយជាញយដង​នៅ​ជប៉ុន និងអាមេរិកអំពី​ការប្រកាន់​ជំហរ​ ប្រឆាំងជាមួយ​ចិន ហើយអ្នកនយោបាយម្នាក់នេះក៏នឹង​លើក​បញ្ហាដដែល​មក​ជជែកម្ដងទៀត អំឡុង​ពេល​បំពេញទស្សនកិច្ច​នៅតៃវ៉ាន់ នាថ្ងៃទី ១៧ ឧសភាខាងមុខ៕