អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បាននិយាយថា លោកមានបំណងចង់វិលចូលស្រុកកំណើតវិញ មុនថ្ងៃខួបកំណើតទី ២៦ កក្កដា ពោលបន្ទាប់ពីការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃប៉ុន្មានខែប៉ុណ្ណោះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មហាសេដ្ឋីវ័យ ៧៣ឆ្នាំ ត្រៀមខ្លួនរួចស្រេចប្រឈមនឹងការចាប់ខ្លួន បន្ទាប់ពីរត់គេចអស់ទៅរស់នៅបរទេសអស់រយៈពេល ១៥ឆ្នាំ ក្រោយរងការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ។
“ខ្ញុំបានសម្រេចចិត្តរួចហើយ ថានឹងវិលមកស្រុកកំណើត ដើម្បីមើលថែចៅៗរបស់ខ្ញុំនៅខែកក្កដា មុនថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំបានរស់នៅឆ្ងាយពីក្រុមគ្រួសារអស់រយៈពេលជិត ១៧ឆ្នាំ ពេលនេះខ្ញុំគ្រាន់តែជាមនុស្សចាស់ម្នាក់ប៉ុណ្ណោះ”។ នេះបើតាមការបង្ហោះសារលើបណ្ដាញសង្គមរបស់លោកថាក់ស៊ីន។
សូមជម្រាបដែរថា បើទោះជាអតីតនាយករដ្ឋមន្ត្រីថៃម្នាក់នេះកំពុងរស់នៅក្រៅប្រទេសក៏ពិតមែន ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រខ្លាំងពីប្រជាជនក្រីក្ររាប់លាននាក់ ពោលគណបក្សដែលជាប់ពាក់ព័ន្ធនឹងលោក សុទ្ធតែទទួលបានសម្លេងគាំទ្រច្រើនតាំងពីឆ្នាំ ២០០១។
ដោយឡែក ការប្រកាសពីដំណឹងវិលចូលស្រុករបស់លោក ថាក់ស៊ីន គឺធ្វើឡើងបន្ទាប់ពីកូនស្រីពៅ ទើបនឹងសម្រាលបានកូនប្រុសម្នាក់ ដែលត្រូវជាចៅទី ០៧ របស់លោក ស្របពេលអ្នកស្រី ផែថុងថាន ស៊ីណាវ៉ាត់ត្រា បច្ចុប្បន្នក៏ជាបេក្ខភាពជួរមុខ សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថៃក្នុងការបោះឆ្នោតនាពេលខាងមុខផងដែរ៕