រដ្ឋមន្ត្រីការបរទេសចិន Qin Gang បានធានាឲ្យរុស្ស៊ី និងឥណ្ឌា កុំព្រួយបារម្ភពីទំនាក់ទំនងរវាងពួកគេ និងចិន ដោយអះអាងថា កិច្ចសហប្រតិបត្តិទ្វេភាគី គឺនឹងកាន់តែលេចធ្លោរជាងមុន។ នេះបើតាមការចុះផ្សាយពី CNA។
លោក Qin បានជួបជាមួយភាគីឥណ្ឌាកាលពីថ្ងៃទី ០៤ មេសា និងរដ្ឋមន្ត្រីការបរទេសផ្សេងទៀតនៅអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាប្លុកនៃប្រជាជាតិ ដែលលាតសន្ធឹងភាគច្រើននៅតំបន់ Eurasia។
ចិនបានយកវេទិកាមួយនេះ ជាតុមូលសម្រាប់ពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា ស្របពេលទំនាក់ទំនងរវាងចិន និងលោកខាងលិច ជាពិសេសអាមេរិក គឺនៅតែមានភាពតានតឹង។
ក្រៅពីជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ឥស្សរជនជាន់ខ្ពស់ចិនក៏បានជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ផងដែរ ដោយលោក Qin និយាយថា ចិន“មានឆន្ទៈរក្សាទំនាក់ទំនង និងការសម្របសម្រួលជាមួយរុស្ស៊ី ដើម្បីរួមចំណែកជាក់ស្តែងក្នុងការដោះស្រាយវិបត្តិនយោបាយ” នៅអ៊ុយក្រែន។
ភាគីទាំងសងខាងក៏បានឯកភាពពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយរដ្ឋសមាជិក SCO ផ្សេងទៀត និងរក្សា “ឯកភាព” របស់ប្លុកមួយនេះផងដែរ។
សូមជម្រាបដែរថា បច្ចុប្បន្ន SCO មានប្រទេសជាសមាជិកដូចជា រុស្ស៊ី ឥណ្ឌា ចិន ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន ខណៈអ៊ីរ៉ង់ និងបេឡារុស រំពឹងនឹងបង្ហាញវត្តមាននៅកិច្ចប្រជុំ SCO នាខែកក្កដា ធ្វើឡើងនៅទីក្រុង New Delhi៕