បច្ចុប្បន្ន រដ្ឋមន្ត្រីការបរទេសចិន Qin Gang កំពុងស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ជួបជាមួយប្រមុខរដ្ឋាភិបាល Min Aung Hlaing នៅរាជធានី Napyidaw ខណៈលោក Qin គឺជាឥស្សរជនជាន់ខ្ពស់បំផុតរបស់ចិន ដែលធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនៅអាស៊ានមួយនេះ តាំងពីមានរដ្ឋប្រហារតាំងពី ២ឆ្នាំមុន។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា អំឡុងពេលបំពេញទស្សនកិច្ចមួយនេះ រដ្ឋមន្ត្រីការបរទេសចិនបានបង្ហើបថា ចិននឹងប្ដេជ្ញាឈរជាមួយមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ។
“ប្រទេសចិនតស៊ូមតិថា សហគមន៍អន្តរជាតិគួរតែគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងដើរតួនាទីស្ថាបនាក្នុងការជួយប្រទេសនេះឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ”។ នេះបើតាមសម្ដីរបស់លោក Qin បាននិយាយ។
បន្ថែមពីនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពី ទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការមិត្តភាព ស្ថានភាពនាពេលថ្មីៗនេះនៅមីយ៉ាន់ម៉ា ពាណិជ្ជកម្មតាមព្រំដែន ការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើថាមពល និងអគ្គិសនីផងដែរ។
រដ្ឋមន្ត្រីការបរទេសចិនក៏សង្កត់ធ្ងន់ទៀតថា ទីក្រុងប៉េកាំងនឹងបន្តគាំទ្រដល់ ការអភិវឌ្ឍន៍ ពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗនៅក្នុងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា និងអនុវត្តគម្រោងលើវិស័យកសិកម្ម ការអប់រំ និងការថែទាំសុខភាព៕