កាលពីថ្ងៃទី ២៧ មេសាកន្លងទៅ Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសUN ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ាន់ម៉ាបានស្នើសុំឲ្យជប៉ុន ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនៅអាស៊ានមួយនេះ ដូចទៅនឹងពួកគេធ្វើទៅលើរុស្ស៊ី។
យោងតាមការចុះផ្សាយពី CNAបានបង្ហាញថា លោក Thomas បានថ្កោលទោសមីយ៉ាន់ម៉ាថា កំពុងប្រព្រឹត្តអំពើព្រៃផ្សៃ និងការគៀបសង្កត់ដល់ប្រជាជនក្នុងប្រទេស និងអំពាវនាវឲ្យជប៉ុនបញ្ឈប់ការហ្វឹកហាត់ទ័ពមីយ៉ាន់ម៉ា ដោយព្រមានថាវាកំពុងធ្វើឲ្យខូចមុខមាត់យោធារបស់មហាអំណាចនៅអាស៊ីមួយនេះ។
“ស្ថានការណ៍សិទ្ធមនុស្សនៅប្រទេសមីយ៉ាន់ម៉ាគឺគួរឲ្យភ័យខ្លាច និងកាន់តែអាក្រក់ទៅៗ។ ខ្ញុំសុំឲ្យជប៉ុន និង G7 ចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកងយោធាមីយ៉ាន់ម៉ា និងបិទប្រភពចំណូលរបស់ពួកគេ ដូចអ្វីដែលពួកគេឆ្លើយតបទៅកាន់ស្ថានការណ៍នៅអ៊ុយក្រែន”។ នេះបើតាមសម្ដីរបស់អ្នកជំនាញអង្គការសហប្រជាជាតិបានលើកឡើង។
បន្ថែមពីនោះ លោក Thomas ក៏បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបបយោធានេះ នឹងធ្វើឲ្យពួកគេទន់ខ្សោយ មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីវាយប្រហារប្រជាជនតទៀត៕