អតីតប្រធានាធិបតីរុស្ស៊ី៖ ពួកយើងកំពុងប្រឈមនឹងសង្គ្រាមលោកថ្មី

សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកកំពុងប្រឈម នឹងការផ្ទុះសង្គ្រាមលោកថ្មី ខណៈលទ្ធភាពនៃការផ្ទុះអាវុធនុយក្លេអ៊ែរ ក៏កើនឡើងខ្ពស់​ថែមទៀត។

អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បានលើកឡើងថា សង្រ្គាមពិភពលោកថ្មី មិនមែនថា​មិនអាចជៀសមិនរួចឡើយ ប៉ុន្តែហានិភ័យនៃការប្រឈមមុខដាក់គ្នា បញ្ហាអាវុធនុយក្លេអ៊ែកំពុងកើនឡើង និងធ្ងន់ធ្ងរជាងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ​ទៅទៀត។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ពូទីននិយាយច្បាស់ៗថា ពិភពលោកកំពុងជួប​នឹង​ទសវត្សអាក្រក់បំផុត តាំងពីផ្ទុះសង្គ្រាមលោកលើកទី ២ ហើយចាត់ទុកសង្គ្រាមនៅ​អ៊ុយក្រែន ជាសមរភូមិដែលមានស្រាប់ជាមួយលោកខាងលិច ខណៈរុស្ស៊ីអះអាងថា នឹងធ្វើគ្រប់មធ្យោបាយ​ដើម្បីការពារខ្លួន​ពីការឈ្លានពាន​ពីសត្រូវទាំងឡាយ។

សូមជម្រាបដែរថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន​បានថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពាន​ និងចាត់ទុកថា សកម្មភាពមួយនេះជាការរំលោភយកទឹកដី​របស់​អ៊ុយក្រែន ខណៈអ៊ុយក្រែន​ស្បថ​ថា នឹងវាយបកទៅលើរុស្ស៊ី លុះត្រាតែពួកគេដណ្ដើមបានទឹកដីបានមកវិញ៕