បច្ចុប្បន្ន អ៊ុយក្រែនកំពុងជួបទុក្ខដោយសារសង្គ្រាមជាមួយរុស្ស៊ី ដែលអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ ដែលធ្វើឲ្យពួកគេខូចខាតទាំងសេដ្ឋកិច្ច និងបាត់បង់ជីវិតប្រជាជនអស់ជាច្រើននាក់។
ប៉ុន្តែទោះជាកំពុងមានបញ្ហាក៏ដោយ ក៏អ៊ុយក្រែននៅតែព្យាយាមជួយដល់ប្រទេសដទៃតាមដែលអាចធ្វើទៅបាន តួយ៉ាងជួយជម្លៀសប្រជាជនប្រហែល ១៣៨ នាក់ពីប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាម។ នេះបើតាមការចុះផ្សាយពី Kelo។
ក្នុងចំណោមប្រជាជន ១៣៨ នាក់នោះ ក៏មានប្រជាជន Georgia និងប៉េរូផងដែរ ខណៈចារកម្មយោធាអ៊ុយក្រែន ហៅកាត់ GUR បានបញ្ជាក់ថា មានប្រជាជនអ៊ុយក្រែន ៨៧នាក់ ដែលភាគច្រើនជាអ្នកឯកទេសអាកាសចរណ៍ អ្នកបើកយន្តហោះ និងអ្នកបច្ចេកទេស និងសមាជិកនៃគ្រួសាររបស់ពួកគេ ហើយក្នុងនោះមានស្ត្រី ៣៥នាក់ និងក្មេង ១២នាក់។
សូមជម្រាបដែរថា អ្នកដែលជម្លៀសឥឡូវនេះបានស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប ហើយទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ដ អាហារ និងទឹកជាដើម៕