នាថ្ងៃទី ២៥ មេសានេះ ប្រធានាធិបតីហ្គាតេម៉ាឡា លោកAlejandro Giammattei បានប្រកាសប្ដេជ្ញាគាំទ្រពេញទំហឹង ចំពោះ “សាធារណរដ្ឋតៃវ៉ាន់” អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ដីកោះមួយនេះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ហ្គាតេម៉ាឡា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១៣ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ស្របពេលហុងដូរ៉ាស់បានបោះបង់កោះតៃវ៉ាន់ ងាកមកចាប់ដៃជាមួយចិនកាលពីខែមុន។
“ខ្ញុំចង់ឲ្យគ្រប់គ្នាបន្តការជឿជាក់ថា ហ្គាតេម៉ាឡានឹងនៅតែជាមិត្តការទូតដ៏រឹងមាំរបស់សាធារណរដ្ឋតៃវ៉ាន់ និងបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ“។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីហ្គាតេម៉ាឡាបាននិយាយ។
បន្ថែមពីនោះ ថ្នាក់ដឹកនាំរូបនេះក៏បាននិយាយទៀតថា ហ្គាតេម៉ាឡា និងតៃវ៉ាន់ គឺជា “បងប្អូន” និងជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុត៕