បេសកជនចិន៖ ចិននឹងសហការយ៉ាងពេញទំហឹងជាមួយអឺរ៉ុប ដូចរុស្ស៊ីដែរ

ទំនាក់ទំនងរវាងប្រទេសចិន និងរុស្ស៊ី អាចនិយាយបានថាជាសម្ព័ន្ធមិត្តត្បូងពេជ្រ ដោយសារ​កិច្ចសហការរវាងប្រទេសទាំង ២ គ្មានដែនកំណត់ ខណៈការធ្វើពាណិជ្ជកម្ម​ក៏មាន​សឹងតែគ្រប់​វិស័យ។

យ៉ាងណា បេសកជនចិន Fu Cong ក៏បានបង្ហើបដែរថា មិនមែនតែរុស្ស៊ីឡើយ ដែលចិន​ចង់​បង្កើត​ទំនាក់ទំនង​ល្អនោះ ពោលចិន​ក៏​យល់ព្រម​ពង្រឹង​សម្ព័ន្ធមិត្តជាមួយអឺរ៉ុប​ឲ្យកាន់តែ​រឹងមាំ ដូចទៅនឹង​រុស្ស៊ីដែរ។ នេះបើតាមការចុះផ្សាយពី CNA។

“ចំណងមិត្តភាព និងកិច្ចសហការគ្នារវាងប្រទេស និងប្រទេសគឺមិនចេះរីងស្ងួតឡើយ ហើយវាមិនគួរកំណត់ដោយ​ប្រការណាមួយទេ។ តួយ៉ាងដូចជា​កិច្ចសហការ Sino-Russian ដែលមិនមានដែនកំណត់ ហើយរវាងចិន និងអឺរ៉ុបក៏អាចកើតមានដូចគ្នា”។ នេះបើតាម​សម្ដី​របស់​លោក Fu បាននិយាយ​ទៅកាន់​សារព័ត៌មាន។

គួររំលឹកដែរថា អ្នកការទូតអឺរ៉ុបជាច្រើន​បាន​ថ្កោលទោសចិន ជុំវិញការមិនចូលរួមដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចទៅលើ​សម្ព័ន្ធមិត្តរុស្ស៊ី ហើយថែមទាំងបានចុះកិច្ចព្រមព្រៀងភាពជាដៃគូ​គ្មានដែនកំណត់ តែប៉ុន្មានថ្ងៃមុនផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។

សូមជម្រាបបន្ថែមថា លោក Fu បានព្រមានចំពោះ “ចេតនា” ប្រើប្រាស់​ទំនាក់ទំនងរវាង​ចិន-រុស្ស៊ី ដើម្បី​សាបព្រោះ​ជម្លោះ​រវាងចិន និងអឺរ៉ុប និងបាន​ច្រានចោល​ចចាមអារ៉ាមថា ចិន​ “ដឹងដំណឹង​ពី​ការ​វាយប្រហារ​របស់រុស្ស៊ី លើអ៊ុយក្រែនមុនពេលកើតហេតុ” ឬក៏​ជា​អ្នកផ្គត់ផ្គង់អាវុធ​ទៅកាន់​រុស្ស៊ី៕