កាលពីថ្ងៃអាទិត្យកន្លងទៅ រុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកប្រកែកមិនព្រមផ្ដល់ទិដ្ឋាការទៅកាន់អ្នកសារព័ត៌មានដែលមានបំណងចង់ទៅ យកព័ត៌មានជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស Sergey Lavrov ទៅកាន់ទីក្រុង New York។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Lavrov នឹងបង្ហាញវត្តមាននៅអង្គការសហប្រជាជាតិ ដើម្បីធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែខាងសហរដ្ឋអាមេរិកបែរជាបដិសេធមិនព្រមផ្ដល់ទិដ្ឋាការ ចំពោះអ្នកសារព័ត៌មានដែលចង់ទៅយកដំណឹងមួយនេះ។
“ប្រទេសមួយដែលតាំងខ្លួនថាជា អ្នកខ្លាំងបំផុត ឆ្លាតបំផុត និងជាប្រទេសមានសិទ្ធសេរីភាព បែរជាខ្លាចរអា និងធ្វើរឿងល្ងង់ខ្លៅ ដែលបង្ហាញពីការក្រឡាស់សម្ដីខ្លួនឯង ដែលធ្លាប់អះអាងថា ជាប្រទេសមានសេរីភាពក្នុងការបញ្ចេញមតិទៅវិញ”។ នេះបើតាមសម្ដីរបស់លោក Lavrov បាននិយាយ។
“ចងចាំទុកចុះ ពួកយើងនឹងមិនភ្លេច ហើយក៏នឹងមិនអត់ឱនចំពោះរឿងនេះដែរ”។
សូមជម្រាបដែរថា អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ដែលកំពុងប្រចាំការនៅប្រទេសរុស្ស៊ី តម្រូវឲ្យបន្តទិដ្ឋាការរយៈពេល ៣ខែម្ដង ក្រោយផ្ទុះសង្គ្រាម ស្របពេលអ្នកសារព័ត៌មានលោកខាងលិចមួយចំនួនធំបានចាកចេញពីប្រទេសមួយនេះ៕