សហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំដ៏ធំមួយនៅអាល្លឺម៉ង់នាថ្ងៃទី ២១ មេសា ដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពផ្ដល់ជំនួយដល់អ៊ុយក្រែនបន្ថែម បន្ទាប់ពីប្រធានាធិបតី Volodymyr Zelenskyy តឿនឲ្យសម្ព័ន្ធមិត្តលោកខាងលិច ពន្លឿនជំនួយសព្វាវុធ។
អ្នកតំណាងមកពីប្រហែល ៥០ប្រទេស នឹងជួបជំនុំគ្នានៅឯមូលដ្ឋានទ័ពអាកាស Ramstein របស់អាមេរិក ដែលស្ថិតនៅភាគនិរតីនៃប្រទេសអាល្លឺម៉ង់ ដើម្បីសម្រេចជារួមក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី CNA។
គួររំលឹកដែរថា កន្លងមកប្រធានាធិបតីអ៊ុយក្រែនបានទទូចសុំជំនួយសព្វាវុធទំនើបៗពីអង្គការណាតូដូចជា គ្រាប់រ៉ុកហ្គែតរយៈចម្ងាយឆ្ងាយ យន្តហោះចំបាំងទំនើប និងរថពាសដែកជាដើម។
ក្នុងនោះក៏មានសមាជិកណាតូមួយចំនួនបានបញ្ជូនយន្តហោះចំបាំងទៅកាន់អ៊ុយក្រែន ប៉ុន្តែមិនមែនសេរីទំនើបដូចយន្តហោះ F-16 របស់អាមេរិកឡើយ ពោលជាយន្តហោះចំបាំងជំនាន់សូវៀត។
សូមជម្រាបបន្ថែមថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន ក៏បានស្ទាក់ស្ទើរក្នុងការបញ្ជូនគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយផងដែរ ដោយសារតែមានការព្រួយបារម្ភថា អ៊ុយក្រែនអាចប្រើប្រាស់វាដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី៕