រដ្ឋមន្ត្រីចិន៖ តំបន់សងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធរបស់ប្រទេសចិន

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន Qin Gang បាននិយាយថា តំបន់ទាំងសងខាងនៃ​ច្រកសមុទ្រតៃវ៉ាន់ គឺស្ថិតក្រោមការគ្រប់គ្រង​របស់ចិន ដូច្នេះវាគឺជារឿងត្រឹមត្រូវ ដែលចិន​ត្រូវ​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន។ នេះបើតាម​ការចុះផ្សាយពី CNA។

“ថ្មីៗនេះ មានវោហាសាស្ត្រមិនទំនងទាល់តែសោះ ដែលចោទប្រកាន់ចិនថា បង្កើតស្ថានភាពដដែល រំខានដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ តក្កវិជ្ជាគឺមិនទំនងទាល់តែសោះ ហើយការសន្និដ្ឋានបែបនេះគឺប្រកបដោយគ្រោះថ្នាក់បំផុត”។ នេះបើតាមសម្ដីលោក Qin បាន​និយាយ។

លោកបានបន្ថែមទៀតថា មនុស្សដែលមានសច្ចធម៌គឺមើលដឹងថា បញ្ហាដែលកើតមានសព្វថ្ងៃ​គឺ​មិនមែនកើតចេញពីចិនឡើយ ប៉ុន្តែគឺអ្នកដែលលូកដៃក្នុងបញ្ហាកោះតៃវ៉ាន់ ហើយអ្នកទាំងនោះ​គង់​តែឆេះខ្លួនឯង បើនៅតែប្រលែងជាមួយភ្លើងបែបនេះ។

ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដែលជាការទាមទារដែលរដ្ឋាភិបាលក្រុងតៃប៉ិច្រានចោលយ៉ាងដាច់អហង្ការ ហើយតែងតែថ្កោលទោសចំពោះកិច្ចប្រជុំកម្រិតខ្ពស់រវាងមេដឹកនាំតៃវ៉ាន់ និងមន្ត្រីបរទេស៕