កូរ៉េខាងត្បូងអាចនឹងបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន ក្រៅពីផ្នែកមនុស្សធម៌ និងសេដ្ឋកិច្ច បើសិនជាមានករណីវាយប្រហារទ្រង់ទ្រាយធំលើប្រជាពលរដ្ឋ។ នេះបើតាមសម្ដីប្រធានាធិបតី Yoon Suk Yeol បាននិយាយ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Reuters មុនដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនាសប្ដាហ៍ក្រោយ លោក Yoon អះអាងថា រដ្ឋាភិបាលរបស់លោកកំពុងស្វះស្វែងរកវិធីសាស្ត្រជួយការពារ និងស្ដារប្រទេសអ៊ុយក្រែនឡើងវិញ ដូចដែលកូរ៉េខាងត្បូងធ្លាប់ទទួលជំនួយពីអន្តរជាតិចន្លោះឆ្នាំ ១៩៥០-១៩៥៣ ដោយសារសង្គ្រាមកូរ៉េ។
“បើសិនជាមានករណីដែលសហគមន៍អន្តរជាតិមិនអាចអត់ឱនបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំណាមួយលើជនស៊ីវិល ការសម្លាប់រង្គាល ឬការរំលោភបំពានធ្ងន់ធ្ងរនៃច្បាប់សង្រ្គាម វាអាចពិបាកសម្រាប់ពួកយើងក្នុងការផ្ដល់ជំនួយតែផ្នែកមនុស្សធម៌ ឬផ្នែកហិរញ្ញវត្ថុ”។ នេះបើតាមសម្ដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។
គួររំលឹកដែរថា នេះគឺជាលើកតំបូងដែលមហាអំណាចនៅអាស៊ីមួយនេះ បង្ហាញពីការប្ដេជ្ញាចិត្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីប្រកាសថាមិនពាក់ព័ន្ធនឹងរឿងផ្គត់ផ្គង់អាវុធ ដោយសាររុស្ស៊ីក៏ជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងកូរ៉េខាងជើង ដែលកំពុងមានភាពល្អក់កករជាមួយខ្លួន។
ដូច្នេះមានន័យថា បើសិនជាកូរ៉េខាងត្បូងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន នោះកូរ៉េខាងជើងអាចយកលេសមួយនេះ ផ្គត់ផ្គង់អាវុធដល់រុស្ស៊ីក៏ថាបាន ហើយស្ថានការណ៍នឹងកាន់តែតឹងតែងរវាងប្រទេសទាំងនោះ៕