សហគមន៍អន្តរជាតិ ត្រូវតែបញ្ឈប់នូវការនាំចូលអាវុធទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាបន្ទាន់ និងរួមគ្នាធ្វើការទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏សមស្របមួយ ចំពោះប្រទេសនៅតំបន់អាស៊ានមួយនេះ។ នេះបើតាមសម្ដីបេសកជនសិទ្ធអង្គការសហប្រជាជាតិ Tom Andrews បាននិយាយ។
ឥស្សរជនជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា លោកសង្កេតឃើញពីការនាំចូលអាវុធទៅកាន់ប្រទេសមីយ៉ាន់ម៉ា ភាគច្រើនទទួលបានពីសមាជិកនៃ UN និងបានទទូចសុំឲ្យប្រទេសទាំងនោះបញ្ឈប់ការនាំចូលអាវុធតទៀត។
“ខ្ញុំសង្ឃឹមថា ប្រទេសជាសមាជិក UN ទាំងអស់នឹងដាក់សម្ពាធទៅលើប្រទេសទាំងឡាយដែលផ្គត់ផ្គង់អាវុធទៅកាន់ប្រទេសរបបយោធា ព្រោះយើងដឹងហើយថា អាវុធទាំងនោះគឺយកទៅប្រើប្រាស់ជាមួយប្រជាពលរដ្ឋក្នុងតំបន់”។ នេះបើតាមសម្ដីរបស់លោក Tom បានប្រាប់ទៅកាន់សារព័ត៌មាន CNA។
លោកបន្ថែមទៀតថា៖ “សកម្មភាពបែបនេះ វាមិនខុសពីការរួមដៃជាមួយរបបយោធា ធ្វើទុក្ខបុកម្នេញជាមួយប្រជាពលរដ្ឋនោះឡើយ ទាំងដែលពួកយើងកំពុងព្យាយាមលុបបំផុតឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម”។
លោកក៏បានសង្កត់ធ្ងន់ថា គួរតែមានការដាក់ទណ្ឌកម្មលើប្រទេសដែលផ្គត់ផ្គង់អាវុធដល់មីយ៉ាន់ម៉ា ក៏ដូចជាដាក់សម្ពាធបន្ថែមលើមេដឹកនាំរបបយោធាមួយនេះឲ្យកាន់តែខ្លាំងថែមទៀត៕