អាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធយោធារួមធំបំផុតមិនធ្លាប់មាន

នាថ្ងៃទី ១១ មេសា ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមធំបំផុតមិនធ្លាប់មាន ខណៈ​ដែល​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​ព្យាយាម​ប្រឆាំង​នឹង​ការ​អះអាង​របស់​ចិន​ដែល​កំពុង​កើនឡើង​ក្នុង​តំបន់។

កងទ័ពដែលមានជិត ១៨ ០០០ នាក់បានកំពុងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ឬ “ស្មាប្រកៀកស្មា” ជាភាសាហ្វីលីពីន ដែលជាលើកដំបូងនឹងរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុង។

សមយុទ្ធយោធាមួយនេះ ធ្វើឡើងបន្ទាប់ពីចិនបញ្ចប់​ប្រតិបត្តិការយោធា ៣ថ្ងៃ​កាលពីថ្ងៃច័ន្ទ នៅជុំវិញកោះតៃវ៉ាន់ និងបានបិទច្រកដែនកោះដែលខ្លួនអះអាងថា ជាផ្នែកមួយនេះប្រទេស​ចិន។

ដោយឡែក CNA ក៏បានរាយការណ៍បន្ថែមថា សមយុទ្ធយោធា Balikatan ​នឹង​ក្លាយជា​លើក​ទី​មួយ​ហើយ​ដែល​​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោមវត្តមាន​ប្រធានាធិបតី Ferdinand Marcos ដែល​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​អ្នក​កាន់​តំណែង​មុន​របស់​លោក Rodrigo Duterte បាន​បំផ្លាញ​សម្ព័ន្ធភាពមួយនេះ។

សូមជម្រាបដែរថា សមយុទ្ធយោធាមួយនេះនឹងមានរយៈពេល ២សប្ដាហ៍ ដោយមានការ​ចូលរួម​ពី​កងទ័ពអាមេរិក ១២ ២០០នាក់ កងទ័ពហ្វីលីពីណ ៥ ៤០០នាក់ និងកងទ័ពអូស្ត្រាលី ១០០នាក់ ខណៈចំនួនមួយនេះគឺច្រើនជាងឆ្នាំទៅទ្វេដង៕