ប្រធានាធិបតីបារាំង៖ អឺរ៉ុបមិនគួរគាំទ្រអាមេរិក ឬចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ឡើយ

ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា អឺរ៉ុប​មិនគួរ​គាំទ្រដល់អាមេរិក ឬចិន ចំពោះបញ្ហាកោះតៃវ៉ាន់នោះទេ ដ្បិតវិបត្តិមួយនេះ គឺមិនពាក់ព័ន្ធ​នឹង​សហភាពអឺរ៉ុបឡើយ។

“អ្វី​ដែល​អាក្រក់​បំផុត​គឺ​ការ​គិត​ថា យើង​ជា​ជនជាតិ​អឺរ៉ុប​ត្រូវ​តែ​ជា​អ្នក​ដើរ​តាម ហើយ​សម្រប​ខ្លួន​យើង​ទៅ​នឹង​ចង្វាក់​អាមេរិក និង​ប្រតិកម្ម​ហួស​ហេតុ​របស់​ចិន”។ នេះបើតាមសម្ដីរបស់​ប្រធានាធិបតី​បារាំងបាន​និយាយទៅកាន់​សារព័ត៌មាន Les Echos និង Politico។

ថ្នាក់ដឹកនាំកំពូលរូបនេះក៏បានបន្ថែមទៀតថា អឺរ៉ុបមិនគួរលូកដៃក្នុងបញ្ហា​រវាងតំបន់ និងតំបន់ និងយក​ក​ទៅ​ល​អន្ទាក់​ជាមួយ​នឹង​វិបត្តិ​ដែលមិនមែនជារបស់ពួកគេនោះឡើយ។

គួររំលឹកដែរថា សម្រាប់ដំណើរទស្សនកិច្ច ៣ថ្ងៃទៅចិន លោកម៉ាក្រុងក៏បានពិភាក្សាបញ្ហា​កោះតៃវ៉ាន់ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីងផងដែរ ដោយបានបង្ហាញក្ដីបារម្ភថា ស្ថានការណ៍ដែលកំពុងតានតឹងមួយនេះ អាចបង្កទៅជាវិបត្តិកាន់តែធំធេង។

សូមជម្រាបបន្ថែមថា កន្លងមកអាមេរិកតែងតែលូកដៃជាញយដង​ចំពោះ​បញ្ហា​រវាង​ចិន និងតៃវ៉ាន់​ដូចជា​ដំណើរទស្សនកិច្ច​របស់​អតីតប្រធានសភា Nancy Pelosi និងជំនួបរវាង​ប្រធានសភាថ្មី Kevin McCarthy ជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នាពេលថ្មីៗនេះ បានធ្វើឲ្យ​ចិន​ខឹង​សម្បារ​ជាខ្លាំង ដ្បិតពួកគេ​តែងតែព្រមាន​ច្រើនលើកច្រើនសារ​ទៅកាន់អាមេរិក កុំឲ្យលូកដៃ​ក្នុង​បញ្ហា​មួយ​នេះ៕