កាលពីពេលថ្មីៗនេះ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានចូលជួបជាមួយប្រធានសភាអាមេរិក Kevin McCarthy អំឡុងពេលបំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដែលធ្វើឲ្យភាគីចិនមានការខឹងសម្បារជាខ្លាំង។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា នាវាចំបាំងចិន ៣ បានបើកក្រវែលៗកោះតៃវ៉ាន់ ខណៈយន្តហោះចំបាំងជាច្រើនគ្រឿង ក៏បើកចូលដែនអាកាសរបស់តៃវ៉ាន់ថែមទៀត។
តួយ៉ាងកាលពីថ្ងៃពុធ នាវាផ្ទុកយន្តហោះ Shandong របស់ចិន ដែលជានាវាមួយក្នុងចំណោមពីរនៅក្នុងកងនាវាជើងទឹករបស់ខ្លួន បានធ្វើដំណើរឆ្លងកាត់ដែនទឹកភាគអាគ្នេយ៍របស់តៃវ៉ាន់ ក្នុងដំណើរឆ្ពោះទៅកាន់ប៉ាស៊ីហ្វិកខាងលិច ប៉ុន្មានម៉ោងមុនពេល Tsai បានជួប McCarthy នៅ Los Angeles ។
គួររំលឹកដែរថា កន្លងមករដ្ឋាភិបាលក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសរបស់ខ្លួន បានព្រមានជាញយដងចំពោះកិច្ចសំណេះសំណាលរវាងប្រធានាធិបតីតៃវ៉ាន់ និងប្រធានសភាអាមេរិក ដោយសង្កត់ធ្ងន់ថា ពួកគេនឹងចាត់ចំណាត់ការធ្ងន់ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
សូមជម្រាបដែរថា ការគម្រាមសារនេះពីចិន គឺវាមានភាពធូរស្រាលជាងលើកមុន ប៉ុន្តែវានៅតែធ្វើឲ្យតៃវ៉ាន់ស្ថិតក្នុងសភាពប្រុងប្រយ័ត្នដដែល៕