កងកម្លាំងអ៊ីស្រាអែលហាក់ដូចជាបានដកខ្លួនចេញពីជំរុំជនភៀសខ្លួនចំនួនបីនៅតំបន់ West Bank ដែលកាន់កាប់នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រតិបត្តិការយោធារយៈពេលជាងមួយសប្តាហ៍ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងផ្លូវត្រូវបានបំផ្លិចបំផ្លាញ។
សារព័ត៌មាន AP ចុះផ្សាយ ពេញមួយយប់ រថពាសដែករបស់អ៊ីស្រាអែល ត្រូវបានគេមើលឃើញថា បានចាកចេញពីជំរំជនភៀសខ្លួន Jenin ពីប៉ុស្តិ៍ត្រួតពិនិត្យមួយដែលត្រូវបានបង្កើតឡើងនៅលើផ្លូវធំមួយ ហើយអ្នកយកព័ត៌មាន Associated Press នៅខាងក្នុងជំរុំនោះ បានឃើញភស្តុតាងនៃកងទ័ពដែលនៅសេសសល់នៅខាងក្នុង។
ក្នុងអំឡុងប្រតិបត្តិការនេះ មន្ត្រីយោធាអ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធនៅ Jenin, Tulkarem និងជំរុំជនភៀសខ្លួន Al-Faraa ក្នុងការប៉ុនប៉ងទប់ស្កាត់ការវាយប្រហារនាពេលថ្មីៗនេះ។ កងទ័ពត្រូវបានដកចេញពីជំរំ Tulkarem នៅព្រឹកថ្ងៃសុក្រ ហើយបានចាកចេញពី Al-Faraa មុននេះ ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលបានណែនាំថា ប្រតិបត្តិការមិនទាន់ចប់នៅឡើយទេ។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងសន្តិសុខអ៊ីស្រាអែលកំពុងបន្តធ្វើសកម្មភាពដើម្បីសម្រេចបាននូវគោលបំណងនៃប្រតិបត្តិការប្រឆាំងភេរវកម្ម” ។
ទាហានអ៊ីស្រាអែលរាប់រយនាក់បានចូលរួមអស់រយៈពេលជាងមួយសប្តាហ៍នៅក្នុងប្រតិបត្តិការដ៏សាហាវបំផុតរបស់ពួកគេនៅតំបន់ West Bank ដែលកាន់កាប់ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើម ដោយប្រើប្រាស់នូវអ្វីដែលអង្គការសហប្រជាជាតិហៅថា “យុទ្ធសាស្ត្រដូចសង្រ្គាមដ៍សាហាវ”។