សហភាពអឺរ៉ុប កំពុងមានបំណងចង់គិតគូរសាជាថ្មីអំពីចំណងមិត្តភាពរវាងខ្លួន និងចិន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បដិសេធមិនព្រមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តត្បូងពេជ្រ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មេដឹកនាំសហភាពអឺរ៉ុបកំពុងជួបនឹងស្ថានការណ៍ដ៏ស្មុគស្មាញចំពោះបញ្ហាជុំវិញប្រទេសចិន ស្របពេលមេដឹកនាំធំៗក៏កំពុងត្រៀមខ្លួនបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដូចជាប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានសហភាពអឺរ៉ុប Ursula vonder Leyen នាសប្ដាហ៍នេះ។
មុនមានវត្តមានមេដឹកនាំទាំង ២ ក៏ធ្លាប់មានឥស្សរជនជាន់ខ្ពស់នៅអឺរ៉ុបជាច្រើនធ្លាប់ទៅទស្សនកិច្ចចិនដូចជា អធិការបតីអាល្លឺម៉ង់ Olaf Scholz ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez តាំងពីមហាអំណាចអាស៊ីបញ្ចប់ការរឹតបន្តឹងវិធានការកូវីដ ១៩។
សូមជម្រាបដែរថា គោលបំណងរបស់ Michel ចំពោះដំណើរទស្សនកិច្ចកាលពីខែធ្នូឆ្នាំទៅ គឺដើម្បីចង់ស្រោចស្រង់ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងចិន ខណៈគោលបំណងធំបំផុតមួយទៀតគឺ ត្រៀមបើកកិច្ចប្រជុំសហភាពអឺរ៉ុប-ចិន ដែលគ្រោងធ្វើនៅទីក្រុងប៉េកាំងក្នុងខែមិថុនា ឬកក្កដាខាងមុខ៕