ប្រធានសភាអាមេរិក Kevin McCarthy មានប្រកាសថា នឹងមានការជួបសំណេះសំណាលជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wn នៅថ្ងៃពុធ អំឡុងពេលលោកស្រីធ្វើដំណើរនៅសហរដ្ឋអាមេរិក។
សេចក្ដីប្រកាសមួយនេះបានធ្វើឡើង បើទោះជាចិនបានព្រមានលោក Kevin ថា ការជួបជាមួយប្រធានាធិបតីតៃវ៉ាន់ ប្រៀបដូចជាលោកកំពុងប្រលែងជាមួយនឹងភ្លើង ដោយមិនខ្លាចរលាក។ នេះបើតាមការចុះផ្សាយពី CNN។
កិច្ចប្រជុំនេះត្រូវបានគេរំពឹងទុកជាយូរមកហើយ ដើម្បីធ្វើឲ្យទំនាក់ទំនងដ៏តានតឹងរវាងអាមេរិក និងចិនកាន់តែមានភាពរអាក់រអួល បន្ទាប់ពីបាឡុងចារកម្មចិនអណ្តែតលើអាមេរិកខាងជើង ហើយក្រោយមកត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងអាមេរិកកាលពីខែកុម្ភៈ។
គួររំលឹកដែរថា ប្រធានាធិបតីតៃវ៉ាន់កំពុងបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្ដាល ក្នុងដំណើរការទូតខ្នាតធំ ខណៈចិនអះអាងថា កិច្ចប្រជុំរវាងលោកស្រី Tsai និង Kevin គឺបានបង្ហាញយ៉ាងច្បាស់ពីការរួមដៃគ្នារវាងអាមេរិក និងតៃវ៉ាន់ ប្រឆាំងគោលនយោបាយចិន។
ជម្រាបបន្ថែមថា ក្រោមគោលនយោបាយចិនតែមួយ អាមេរិកទទួលស្គាល់ថា តៃវ៉ាន់ជាផ្នែកមួយនៃចិន ប៉ុន្តែបែរជាច្រានចោលនៅពេលដែលចិនទាមទារសិទ្ធគ្រប់គ្រងផ្លូវការចំពោះកោះមួយនេះ ៕