ប្រធានាធិបតីវៀតណាម លោក To Lam ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កនៅខែក្រោយ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងគ្រោងជួបជាមួយប្រធានាធិបតីលោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris ផងដែរ។ កាលពីថ្ងៃទី១៨ ខែសីហា លោក To Lam បានទៅដល់ប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅបរទេសចាប់តាំងពីបានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម (CPV) កាលពីដើមខែសីហា។
អ្នកវិភាគនៅក្នុងស្រុកវៀតណាមមួយចំនួន បានចាត់ទុកដំណើរទស្សនកិច្ចនេះបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរឥរិយាបថដែលគាំទ្រចិននៅក្នុងទីក្រុងហាណូយ។ លោក Lam បានធ្វើទស្សនកិច្ចនៅកម្ពុជា និងឡាវ ដែលជាដៃគូប្រពៃណីរបស់វៀតណាមរួចហើយ បន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីក្នុងខែឧសភា ដូច្នេះប្រទេសចិនគឺជាប្រទេសសមហេតុផលបន្ទាប់ដែលត្រូវធ្វើទស្សនកិច្ច។
បន្ទាប់មក លោក Lam ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉កនៅខែក្រោយ សម្រាប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឬសម្រាប់កិច្ចប្រជុំកំពូលនៃអនាគតរបស់អង្គការសហប្រជាជាតិ ដែលចាប់ផ្តើមនៅថ្ងៃទី២២ ខែកញ្ញា។
វៀតណាមអាចបញ្ជូនគណៈប្រតិភូចំនួនពីរ៖ មួយសម្រាប់មហាសន្និបាតដឹកនាំដោយលោក Lam និងមួយទៀតសម្រាប់កិច្ចប្រជុំកំពូលពិសេសរវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។ នៅទីក្រុងញូវយ៉ក លោក Lam និងមេដឹកនាំវៀតណាមដែលអមដំណើរដូចជា លោក Minh Chinh ទំនងជាជួបជាមួយមន្ត្រីអាមេរិកនៅក្រៅព្រឹត្តិការណ៍របស់អង្គការសហប្រជាជាតិ។
កាសែត The Diplomat បានចុះផ្សាយ វៀតណាមចង់ធ្វើឱ្យការធ្វើដំណើររបស់លោក Lam ជាដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលអាចរួមបញ្ចូលជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងក្រុមមន្រ្តីរបស់លោក ពិសេស លោកស្រី Kamala Harris ដែលជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។
នៅពេលដែលវៀតណាមកំពុងស្វែងរកជំនួបក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ To Lam ទៅកាន់សហរដ្ឋអាមេរិក ទោះបីជារយៈពេលខ្លី ឬជានិមិត្តរូប នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការរក្សាបាននូវតុល្យភាពដ៏ទន់ភ្លន់របស់ទីក្រុងហាណូយរវាងមហាអំណាចធំៗ៕
អត្ថបទ៖ ជីវ័ន