អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយនៅតំបន់ West Bank ដែលកាន់កាប់ពេញមួយយប់ និងដល់ថ្ងៃពុធនេះ ដោយកងកម្លាំងរបស់ខ្លួន ព្រមទាំងបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនចំនួន ១០នាក់ និងបានបិទទីក្រុង Jenin ដែលងាយនឹងបង្កជាហេតុ។
សារព័ត៌មាន AP ចុះផ្សាយថា អ៊ីស្រាអែលបានធ្វើការវាយឆ្មក់ជិតមួយថ្ងៃនៅតំបន់ West Bank ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុម Hamas ចេញពីតំបន់ Gaza ដែលបានបង្កឱ្យមានសង្រ្គាមបន្តនៅទីនោះ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងលុបបំបាត់ពួកសកម្មប្រយុទ្ធដើម្បីការពារការវាយប្រហារលើពលរដ្ឋរបស់ខ្លួន ខណៈដែលប៉ាឡេស្ទីននៅតំបន់ West Bank ប្រកាសថា ខ្លួនមានបំណងពង្រីកសង្រ្គាម និងបង្ខំឱ្យពួកគេផ្លាស់ទីលំនៅបន្ថែមទៀត។
វរសេនីយ៍ទោ Nadav Shoshani អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា “កងកម្លាំងធំ” បានចូលទៅក្នុងក្រុង Jenin ដែលជាទីតាំងរឹងមាំរបស់ពួកសកម្មប្រយុទ្ធ ក៏ដូចជាក្រុង Tulkarem និងជំរុំជនភៀសខ្លួន Al-Faraa ដែលមានអាយុកាលតាំងពីសង្គ្រាមកណ្តាលឆ្នាំ ១៩៤៨ នៅភាគខាងជើងខាងលិចតំបន់ West Bank។
លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ពួកសកម្មប្រយុទ្ធ ៩នាក់ រួមទាំង ៣នាក់ទៀតនៅក្នុងការវាយប្រហារតាមអាកាសនៅក្រុង Tulkarem និង ៤នាក់ផ្សេងទៀតក្នុងការវាយប្រហារតាមអាកាសនៅ Al-Faraa ។ លោកបន្តថា ពួកសកម្មប្រយុទ្ធដែលសង្ស័យចំនួន ៥នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ហើយការវាយឆ្មក់នេះជាដំណាក់កាលដំបូងនៃប្រតិបត្តិការធំរបស់ខ្លួន។
ក្រុមហាម៉ាស់បានប្រកាសថា យុទ្ធជនរបស់ខ្លួនចំនួន ១០ នាក់ត្រូវបានសម្លាប់នៅតំបន់ West Bank កាលពីថ្ងៃពុធ។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា ពួកគេកំពុងបាញ់តបតជាមួយទាហានអ៊ីស្រាអែល។
អភិបាលក្រុង Jenin លោក Kamal Abu al-Rub បាននិយាយតាមវិទ្យុប៉ាឡេស្ទីនថា កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុង ដោយរារាំងច្រកចេញ និងច្រកចូល និងការចូលទៅកាន់មន្ទីរពេទ្យ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងជំរំទៀតផង៕
អត្ថបទ៖ ជីវ័ន