យន្តហោះចំបាំងចិន ១០គ្រឿងបានហោះចូលខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ ដែលជាធម្មតាវាត្រូវបានកំណត់ថាជាព្រំដែនរវាងភាគីទាំងសងខាង។ នេះបើតាមការជូនដំណឹពីរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់បាននិយាយ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា យន្តហោះចំបាំងចិន ៩គ្រឿង និងដ្រូនចំបាំងមួយ បានហោះឆ្លងខ្សែបន្ទាត់ រយៈពេល ២៤ម៉ោង ដល់ម៉ោង ៦ព្រឹកនាថ្ងៃសៅរ៍។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃពីមន្ត្រីតៃវ៉ាន់ ជុំវិញសកម្មភាពកងទ័ពចិនបានបង្ហាញ។
ជាការឆ្លើយតប តៃវ៉ាន់ក៏បានបញ្ជូនយន្តហោះចំបាំងរបស់ខ្លួន ទៅបណ្ដេញយន្តហោះចំបាំងចិន ខណៈប្រព័ន្ធការពារគ្រាប់មីស៊ីលរបស់ពួកគេ ក៏កំពុងតាមដានបន្តទៀត។
សូមជម្រាបដែរថា ចិនបានគម្រាមដល់តៃវ៉ាន់ថាអាចនឹងជួបការសងសឹងណាមួយ បើសិនជាប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ហ៊ានជួបជាមួយប្រធានសភាអាមេរិក Kevin McCarthy ខណៈអ្នកស្រីមានគម្រោងចូលជួបឥស្សរជនជាន់ខ្ពស់អាមេរិក នៅទីក្រុង Los Angeles អំឡុងពេលវិលត្រឡប់មកទីក្រុងតៃប៉ិវិញក្នុងខែនេះ៕