អាមេរិកចោទរុស្ស៊ីថា កំពុងចរចាទិញអាវុធបន្ថែមពីកូរ៉េខាងជើង

កាលពីថ្ងៃទី ៣០ មីនាកន្លងទៅ សហរដ្ឋអាមេរិកបានទម្លាយថា រុស្ស៊ីកំពុងរកផ្លូវទិញអាវុធបន្ថែម​ពី​កូរ៉េខាងជើងសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន និងបានបញ្ចេញ​អត្តសញ្ញាណបុរស​ជនជាតិ​ស្លូវ៉ាគី​ម្នាក់ ដែលលោកខាងលិចអះអាងថាជាឈ្មួញកណ្ដាល សម្រាប់កិច្ចព្រមព្រៀងរវាង​ក្រុងមូស្គូ និងព្យុងយ៉ាង។

បុរសដែលអាមេរិក​អះអាងថា​ជាឈ្មួញកណ្ដាល​មានឈ្មោះថា Ashot Mkrtychev អាយុ ៥៦ឆ្នាំ ធ្លាប់​រកស៊ី​លើ​ការ​ជួញដូរអាវុធ​រវាង​រុស្ស៊ី និងកូរ៉េខាងជើង​ចន្លោះចុងឆ្នាំ ២០២២ ដល់ដើមឆ្នាំនេះ។ នេះបើតាម​ការចុះផ្សាយពី CNA។

“ពួកយើងទទួលបានព័ត៌មាន​ថា រុស្ស៊ី​កំពុង​សកម្ម​ក្នុងការ​ទិញអាវុធ និងគ្រាប់បន្ថែមពី​កូរ៉េខាងជើង ហើយតាមរយៈការគាំទ្រពីមន្ត្រីរុស្ស៊ី Mkrtchev បាននិងកំពុងព្យាយាមធ្វើអន្តរាគម លើកិច្ចព្រមព្រៀងអាវុធសម្ងាត់រវាងរុស្ស៊ី និងកូរ៉េខាងជើង”។ នេះបើតាមសម្ដីអ្នកនាំពាក្យ​សន្តិសុខជាតិរបស់សេតវិមាន John Kirby បាន​និយាយ។

ដោយឡែករតនាគារសហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង​នឹងទទួលបាន​ជា​លុយសុទ្ធ យន្តហោះពាណិជ្ជកម្ម ទំនិញ និងវត្ថុធាតុដើម ក៏ដូចជាស្បៀងអាហារ សម្រាប់ការផ្ដល់គ្រាប់កាំភ្លើង និងអាវុធផ្សេងៗទៅកាន់​រុស្ស៊ី៕