លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានប្ដេជ្ញាធ្វើនយោបាយមិនឱ្យជាន់ដានឪពុក និងម្ដាយមីងឡើយ ដែលត្រូវបានរដ្ឋអំណាចទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយការធ្វើរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី លោកស្រីបាននិយាយថា នឹងបន្តគោលនយោបាយរបស់លោក សេដ្ឋា ថាវីស៊ីន រួមទាំងការជំរុញសេដ្ឋកិច្ច និងកំណែទម្រង់សំខាន់ៗ ការដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ ការកែលម្អប្រព័ន្ធថែទាំសុខភាពជាសកល និងការលើកកម្ពស់ភាពចម្រុះផ្នែកយេនឌ័រ។
លោកស្រីថ្លែងបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់លោកស្រីនឹងមិនបោះបង់ចោលគោលនយោបាយកាបូបឌីជីថលដ៏លេចធ្លោរបស់ខ្លួននោះទេ ប៉ុន្តែនឹងព្យាយាមសិក្សា និងស្តាប់ជម្រើសបន្ថែមដើម្បីប្រាកដថា គម្រោងនេះទទួលខុសត្រូវផ្នែកសារពើពន្ធ ព្រោះថា នេះគឺជាគោលដៅដើម្បីជំរុញសេដ្ឋកិច្ច។
លោកស្រី ផែថងថាន ស៊ីវ៉ាត្រា ទទួលបានការអនុម័តយល់ព្រមពីព្រះមហាក្សត្រថៃ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃទី៣១ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ លោកស្រីមានអាយុ ៣៧ឆ្នាំ បានក្លាយជាសមាជិកទី៣ នៃត្រកូល ស៊ីណាវ៉ាត្រា ដ៏មានឥទ្ធិពលដែលបានដឹកនាំប្រទេសនេះ ដោយទី១ គឺលោក ថាក់ស៊ីន និងទីពីរលោកស្រី យីងឡាក់ ហើយពួកគេទាំងពីរនេះបាននិរទេសខ្លួនទៅរស់នៅបរទេស បន្ទាប់ពីរដ្ឋប្រហារយោធាដណ្ដើមអំណាចកាលពីឆ្នាំ២០០៦ និងឆ្នាំ២០១៤៕
អត្ថបទ៖ ជីវ័ន