ការប៉ះទង្គិចគ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំង២ គឺប្រទេសចិន និងសហរដ្ឋអាមេរិក នឹងធ្វើឲ្យពិភពលោកទាំងមូលរងការប៉ះទង្គិចជាខ្លាំង។ នេះបើតាមការឲ្យដឹងពីនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយនៅវេទិកា Boao Forum សម្រាប់អាស៊ី ធ្វើឡើងនៅប្រទេសចិន។
“ភាពព្រួយបារម្ភជាខ្លាំងនាពេលនេះ គឺទំនាក់ទំនងរវាងអាមេរិក និងចិន។ ប្រទេសមហាអំណាចមានទំនួលខុសត្រូវខ្ពស់ក្នុងការរក្សាស្ថិរភាព និងទំនាក់ទំនងការងាររវាគ្នានិងគ្នា ព្រោះការប៉ះទង្គិចណាមួយរវាងពួកគេ នឹងធ្វើឲ្យពិភពលោកទាំងមូលជួបបញ្ហាមិនអាចស្មានដល់”។ នេះបើតាមសម្ដីលោក Lee បានមានប្រសាសន៍។
លោកបន្ថែមទៀតថា៖ “ប្រទេសចិន និងអាមេរិកមានបញ្ហាដែលមិនទាន់អាចដោះស្រាយដាច់ស្រេចដូចជា ការធ្វើពាណិជ្ជកម្ម និងវិនិយោគ សង្វាក់ផ្គត់ផ្គង់ សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត សន្ទុះនៃកំណើនវិស័យបច្ចេកវិទ្យា និងសេរីភាពនៃការធ្វើនាវាចរណ៍”។
“ពួកយើងរំពឹងថា ចិន និងអាមេរិកនឹងអាចដោះស្រាយបញ្ហាទាំងនោះបាន និងរក្សាបាននូវស្ថិរភាពនៃទំនាក់ទំនងប្រទេសទាំង២ ក៏ដូចជាគោរពសិទ្ធគ្នាទៅវិញទៅមកចំពោះផលប្រយោជន៍នៃប្រទេសទាំង២ រៀងៗខ្លួន”។
គួររំលឹកដែរថា វេទិកា Boao Forum ធ្វើឡើងតំបូងក្នុងឆ្នាំ ២០០១ បង្កើតឡើងក្នុងគោលបំណងក្នុងការជំរុញការអភិវឌ្ឍន៍រួម តាមរយៈសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់៕