សង្រ្គាមកាន់តែឡើងកម្តៅ! រុស្សុីកំពុងតតាំងរុញច្រានកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ដែលបានកាន់កាប់

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពរុស្ស៊ីកំពុងប្រយុទ្ធដើម្បីរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk នៅថ្ងៃទីបីនៃការវ៉ៃលុកឆ្លងព្រំដែនដ៏ធំបំផុតមួយនៃសង្គ្រាម។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា យោធារុស្ស៊ី និងឆ្មាំព្រំដែនបានរារាំងកងកម្លាំងអ៊ុយក្រែនមិនឱ្យរុញច្រានកាន់តែជ្រៅចូលទៅក្នុងតំបន់នៅភាគនិរតីនៃប្រទេសរុស្ស៊ីនោះឡើយ។ សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា កងទ័ព​កំពុង​វាយ​ប្រហារជាមួុយកងទ័ព​អ៊ុយក្រែន​ដែល​ព្យាយាម​ចូល​ទៅ​ក្នុង​តំបន់​ពី​តំបន់ Sumy របស់​អ៊ុយក្រែន។ ក្រសួងបាននិយាយថា “ការប៉ុនប៉ងដើម្បីទម្លុះជ្រៅចូលទៅក្នុងទឹកដីក្នុងតំបន់ Kursk កំពុងត្រូវបានបង្ក្រាប” ។

ការចុះផ្សាយពីសារព័ត៌មាន AP កងទ័ពអ៊ុយក្រែនបានឈានទៅដល់ចម្ងាយ ១៥ គីឡូម៉ែត្រ (៩ ម៉ាយល៍) ចូលទៅក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។

នៅក្នុងសុន្ទរកថាវីដេអូទៅកាន់ប្រជាជាតិកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មិនបាននិយាយអំពីការប្រយុទ្ធនៅក្នុងតំបន់ Kursk ទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា “រុស្ស៊ីបាននាំយកសង្រ្គាមមកទឹកដីរបស់យើង” ។

រុស្ស៊ីនិយាយថា យោធាបានរារាំងការប្រយុទ្ធដ៏លឿនរបស់អ៊ុយក្រែន នៅក្នុងតំបន់ព្រំដែនប្រហែល ៥០០គីឡូម៉ែត្រ (ប្រហែល ៣២០ ម៉ាយ) ភាគនិរតីនៃទីក្រុងមូស្គូ ប៉ុន្តែអ្នកសរសេរប្លុកយោធា និងទិន្នន័យប្រភពបើកចំហបង្ហាញថា កងទ័ពអ៊ុយក្រែនបានយកឈ្នះនៅក្នុងតំបន់ជាច្រើនក្នុងទីក្រុង Kursk ៕

អត្ថបទ៖ ជីវ័ន